រដ្ឋបាលខេត្តកោះកុង ដឹកនាំគណៈកម្មការចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន នៅតាមផ្លូវសាធារណៈ ដើម្បីទាក់ទាញវិស័យទេសចរណ៍ និងដើម្បីត្រៀមអបអរពិធីបុណ្យសមុទ្រ


(កោះកុង)៖ ដើម្បីឲ្យមានសោភណ្ឌភាពស្អាតល្អនៅក្នុងក្រុង ឯកឧត្តម ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និងឯកឧត្តម ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈកម្មការចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ ដើម្បីទាក់ទាញវិស័យទេសចរណ៍ ក៏ដូចជា ដើម្បីអបអរពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងខេត្តកោះកុង។

ឯកឧត្តម ឈេង សុវណ្ណដា អភិបាលក្រុង បានលើកឡើងថា «ដោយមានការប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំសណ្តាប់ធ្នាប់ឲ្យមានសោភ័ណ្ឌក្នុងក្រុង និងធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅតាមដងផ្លូវឲ្យគាត់ចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមលំនៅដ្ឋាន និងនៅតាមផ្លូវសាធារណៈ ដើម្បីខេត្តយើងស្អាត់ និងមានសុខភាពល្អផងដែរ»។

ឯកឧត្តមបានបន្តថា ការចុះធ្វើការណែនាំដល់បងប្អូននាថ្ងៃនេះ គឺសំដៅឲ្យបងប្អូនចូលរួមរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ឲ្យបានស្អាត ព្រោះខេត្តកោះកុងនឹងត្រៀមខ្លួនរៀបចំពិធីអបអរបុណ្យសមុទ្រនាខែធ្នូចុងឆ្នាំនេះ ហេតុដូច្នេះសូមឲ្យមានការចូលរួមទាំងអស់គ្នា។

ឯកឧត្តមបានបញ្ជាក់ថា ខេត្តកោះកុងកំពង់រៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត ឲ្យកាន់តែរលូតទៅមុខជានិច្ចទាំងរមណីដ្ឋាននៅតំបន់ទេសចរណ៍, បណ្តាញអគ្គីសនី, ប្រព័ន្ធទឹកស្អាត, ផ្លវថ្នល់, នឹងសណ្ឋាគារ ឃើញថាមានការរីចម្រើន ជាពិសេស ភូមិឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ក្នុងដំណើរកំសាន្តផងដែរ។ លោកក៏បានអំពាវរនាវដល់បងប្អូនជនរួមជាតិទាំងអស់ផងដែរ សូមចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យគ្រប់ៗគ្នា៕