សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសតាម ហ្វេសប៊ុក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះថា ចាប់ពីពេលនេះតទៅ ការកាត់ឈ្មោះម៉ូតូ និងឡានមិនចាំ បាច់មាន ការបញ្ជាក់ពីម្ចាស់មុននោះទេ។ ការសម្រេចដូច្នេះ ដើម្បីដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ ដែលត្រូវទៅកាត់ឈ្មោះផ្ទេរកម្មសិទ្ធិម៉ូតូ និងឡាន ហើយមន្ត្រីធ្វើកិច្ចការនេះ ទាមទារឱ្យមានម្ចាស់ដើមទៅ ផ្តិតមេដៃបញ្ជាក់ទើបអាចធ្វើបាន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការដោះស្រាយបញ្ហាប័ណ្ណបើកបរ និងបញ្ហាកាត់ឈ្មោះយានយន្តច្រើន ត គឺជាកាត់ដំបៅមហារីក ដើម្បីឆ្លើយតបសំណូមពររបស់ ប្រជាពលរដ្ឋ។ ប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងនៅក្នុងសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលជាសន្និបាតធ្វើឡើងដើម្បីឆ្លើយតបជាសំខាន់លើបញ្ហារបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ។
តាមរយៈទំព័រ Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បញ្ជាក់ថា សម្តេចបាន ពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំការងារនេះ ដែលផ្តល់នូវការយោគយល់ទទួលស្គាល់ ការកាន់កាប់ជាក់ស្តែងដោយមិនចាំបាច់ឱ្យមានការបញ្ជាក់ពីម្ចាស់ មុននោះទេ។ ក្នុងករណីរថយន្តឬម៉ូតូមិនទាន់បង់ពន្ធត្រូវបង់ពន្ធតាមច្បាប់។
នៅពេលខាងមុខពេលទិញរថយន្តឬម៉ូតូត្រូវមានការ បញ្ជាក់ត្រឹមត្រូវពីអ្នកលក់ទើបងាយស្រួលទាំងអស់គ្នា។ គណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោកនឹងចេញការណែនាំជាក់ស្ដែង៕
ប្រមុខរាជរដ្ឋាភិបាល៖ ការកាត់ឈ្មោះយានយន្តមិនតម្រូវឱ្យមាន ការបញ្ជាក់ពីម្ចាស់មុននោះទេ
