ប្រមុខរាជរដ្ឋាភិបាល៖ ការកាត់ឈ្មោះយានយន្តមិនតម្រូវឱ្យមាន ការបញ្ជាក់ពីម្ចាស់មុននោះទេ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសតាម ហ្វេសប៊ុក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះថា ចាប់ពីពេលនេះតទៅ ការកាត់ឈ្មោះម៉ូតូ និងឡានមិនចាំ បាច់មាន ការបញ្ជាក់​ពីម្ចាស់​មុន​នោះទេ។ ការសម្រេចដូច្នេះ ដើម្បីដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ ដែល​ត្រូវទៅកាត់ឈ្មោះផ្ទេរកម្មសិទ្ធិម៉ូតូ និងឡាន ហើយមន្ត្រីធ្វើកិច្ចការនេះ ទាមទារ​ឱ្យ​មាន​ម្ចាស់​ដើមទៅ ផ្តិតមេដៃបញ្ជាក់ទើបអាចធ្វើបាន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ជាប្រធាន គណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការដោះស្រាយបញ្ហាប័ណ្ណបើកបរ និង​បញ្ហា​កាត់​ឈ្មោះយានយន្តច្រើន  ត គឺជាកាត់ដំបៅមហារីក ដើម្បីឆ្លើយតបសំណូមពររបស់ ប្រជា​ពល​រដ្ឋ។ ប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងនៅក្នុងសន្និបាតលើកទី៣៩ នៃគណៈ​កម្មា​ធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលជាសន្និបាតធ្វើឡើងដើម្បីឆ្លើយតប​ជាសំខាន់លើបញ្ហារបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ។
តាមរយៈទំព័រ Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បញ្ជាក់ថា សម្តេចបាន ពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបានដឹកនាំការងារនេះ ដែលផ្តល់នូវការយោគយល់ទទួលស្គាល់ ការ​កាន់​កាប់ជាក់ស្តែងដោយមិនចាំបាច់ឱ្យមានការបញ្ជាក់ពីម្ចាស់ មុននោះទេ។ ក្នុងករណីរ​ថយន្ត​ឬម៉ូតូមិនទាន់បង់ពន្ធត្រូវបង់ពន្ធតាមច្បាប់។
នៅពេលខាងមុខពេលទិញរថយន្តឬម៉ូតូ​ត្រូវមាន​ការ​ បញ្ជាក់ត្រឹមត្រូវពីអ្នកលក់ទើបងាយស្រួលទាំងអស់គ្នា។ គណៈកម្មាធិការជាតិសុវតិ្ថភាព​ចរាចរ​ណ៍ផ្លូវគោកនឹងចេញការណែនាំជាក់ស្ដែង៕