សម្តេចតេជោ៖ ក្នុងនាមជាគណបក្សកាន់អំណាច មិនហ៊ានសន្យាខ្យល់ ឬបោកប្រាស់ដូចបក្សផ្សេង


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បានលើកជាសារនយោបាយថា ក្នុងនាមជាគណបក្ស គ្រប់គ្រងរាជរដ្ឋាភិបាល មិនហ៊ានសន្យាខ្យល់ និងបោកប្រាស់ប្រជាពលរដ្ឋ ដូចគណបក្សនយោបាយផ្សេងៗនោះទេ។
សម្តេចតេជោ បានមានប្រសាសន៍ តាមរយៈបណ្តាញសង្គម (Facebook) របស់សម្តេចថា ក្នុងឋាន:ជាគណបក្ស ដែលបានរំដោះប្រជាជនចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត ជាគណបក្សដែលក្តាប់ជាប់ទង់ឯករាជ្យ អធិបតេយ្យភាព ទង់សន្តិភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងទង់ នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចសង្គម។ គណបក្សបានពិភាក្សា និងធ្វើការសំរេចប្រកបដោយការទទួលខុសត្រូវ លើជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនទាំង នយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា “ក្នុងឋាន:ជាបក្សកាន់អំណាច យើងច្បាស់ជាមិនហ៊ានសន្យាខ្យល់ ឬបោកប្រាស់ដូចបក្សនយោបាយខ្លះនោះឡើយ តែយើងធ្វើពិត អនុវត្តន៍ពិត ដើម្បីប្រជាជនបានទទួលផលពី សកម្មភាពជាក់ស្ដែងរបស់យើង”។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានសូមអរគុណ ចំពោះបងប្អូនជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស និងសង្ឃឹមថានឹងទទួលបាន នូវការគាំទ្រជាបន្តទៀតនា ពេលបោះឆ្នោតខាងមុខ៕