(ភ្នំពេញ)៖ពាក់ព័ន្ធនឹងការដែលលោកសម រង្ស៊ីបានថ្លែងព្រះរាជអំណរគុណ និងកោតសរសើរព្រះមហាក្សត្រថា ជាក្សត្រល្អព្រោះទ្រង់សម្រេចព្រះទ័យយាងចេញទៅក្រុងប៉េកាំងដោយសារមិនចង់ចុះព្រះហស្តលេខាលើកវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សម្ដីរបស់លោកសម រង្ស៊ី គឺជាសម្ដីផ្ដេសផ្ដាសដែលនិយាយឲ្យរួចតែពីមាត់ដោយគ្មានការទទួលខុសត្រូវនោះឡើយ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “…ខ្ញុំយល់ថា សម រង្ស៊ី និយាយគ្មានអ្វីជាសំអាងជាក់លាក់ទេនិយាយតែតាមចិត្តនឹកឃើញរបស់ខ្លួន ហើយគ្មានការទទួលខុសត្រូវ…”។
ឯកឧត្តម បានបន្ដថា ការលើកឡើងរបស់លោកសម រង្ស៊ីបែបនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ព្រោះ “…យើងដឹងហើយថា កាលណាព្រះមហាក្សត្រទ្រង់ព្រះរាជអវត្តមាននៅក្នុងប្រទេសគឺប្រធានព្រឹទ្ធសភាទទួលបន្ទុកជាប្រមុខរដ្ឋស្ដីទី គឺលោកមានសិទ្ធិគ្រប់គ្រាន់ ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការចុះហត្ថលេខាចុះលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់ណា ដែលរដ្ឋសភា ព្រឹទ្ធសភាក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា មានធម្មនុញ្ញភាពរួចហើយ…”។