រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ ស្ពានអាកាស ថ្មីមួយទៀត នៅច្រមុះជ្រូកក្បាលថ្នល់ ដើម្បីសម្រួលចរាចរណ៍ នៅតំបន់នេះ ខណៈដែលតំបន់នេះ នៅតែប្រឈមនឹងការកកស្ទះចរាចរណ៍ បើទោះបីរដ្ឋបាល រាជធានីភ្នំពេញ ធ្វើការកែសម្រួល ប្រព័ន្ធចរាចរណ៍ ជាច្រើនលើក រហូតសុំគោលការណ៍ ទៅរាជរដ្ឋាភិបាល យកស្ថានីយប្រេងឥន្ធនៈ សូគីមិច ចេញពីច្រមុះជ្រូកក្បាលថ្នល់ នេះថែមទៀតផង។
ដោយមើលឃើញពី ការកកស្ទះចរាចរណ៍ នៅតែជាបញ្ហាដោះស្រាយ មិនទាន់ បានប្រសើរ នូវឡើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតជាគម្រោងថ្មីមួយទៀត នោះគឺការស្ថាបនា ស្ពានអាកាសថ្មីមួយទៀត នៅច្រមុះជ្រូកក្បាលថ្នល់ នេះតែម្តង។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់អោយដឹងហើយថាៈ គម្រោងនៃ ការស្ថាបនា ស្ពានអាកាស ថ្មីមួយទៀត នៅច្រមុះជ្រូកក្បាលថ្នល់នេះ ប្លង់នៃគម្រោង បានបង្កើតរួចហើយ ។ តែអ្វីដែលជាបញ្ហាប្រឈមនោះ គឺផលប៉ះពាល់ច្រើនមែនទែន មិនថានៅលើដី ឬនៅក្រោមដីនោះទេ ដែលតម្រូវអោយមានការដោះស្រាយ ជាមុនសិន ទើបឈានទៅដល់ ការស្ថាបនាស្ពានអាកាសថ្មីនេះបាន។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់អោយដឹង នៅល្ងាចថ្ងៃទី១៦ ធ្នូនេះថាៈ សម្រាប់ពេលនេះ ក្រុមអ្នកជំនាញ បាននិងកំពុងធ្វើតេស្ត ផលប៉ះពាល់ក្រោមដី សម្រាប់គម្រោងសាងសង់ ស្ពានអាកាស ថ្មីនេះហើយ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ដោយមើលឃើញ បញ្ហាចរាចរណ៍ នៅច្រមុះ ជ្រូកក្បាលថ្នល់ មានការកកស្ទះចរាចរណ៍ រាល់ថ្ងៃ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសូមយក ស្ថានីយប្រេងឥន្ធនៈ សូគីមិច ចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធ ចរាចរណ៍ នៅតំបន់នេះ ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងការពង្រីកផ្លូវ ព្រះមន្នីវង្ស អោយបានបីគន្លង និងផ្លូវលេខ២៧១ បីគន្លង ថែមទៀតផង។ តែបញ្ហាចរាចរណ៍ នៅតំបន់នេះ ក៏នៅតែជាបញ្ហាដោះស្រាយ មិនទាន់បានល្អប្រសើរនៅឡើយ ដែលតម្រូវ អោយមាន ការសាងសង់ស្ពានអាកាស ថ្មីមួយទៀត នៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ នេះ៕