(ភ្នំពេញ)៖ កម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាកាបាឌីពានរង្វាន់ពិភពលោក(World Cup Kabaddi) ឆ្នាំ២០២៤ នាខែសីហាខាងមុខ ដែលគ្រោងនឹងមានអត្តពលិកប្រមាណ ៤០០នាក់ មកពី ១៨ប្រទេស និង ៥ទ្វីបចូលរួម ក្រោយទទួលបានការគាំទ្រ និងអនុញ្ញាតពីសហព័ន្ធកីឡាកាបាឌីពិភពលោក កាលពីថ្មីៗ ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារកីឡាកាបាឌីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតខាងលើ នៅ វ័នផាក មជ្ឈមណ្ឌលទីក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមជាសក្ខីភាពពីឯកឧត្តម យិត ភីរៈ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឯកឧត្តម S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោកផងដែរ ។
ឯកឧត្តម ជិន សំណាង បានបញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មី ក្នុងការនាំយកកីឡាកាបាឌីមកកាន់ប្រទេសកម្ពុជា ។ ទោះបីមិនទាន់រៀបចំមហាសន្និបាតបង្កើតជាសហព័ន្ធផ្លូវការ តែដោយសារមរតកស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាមហាជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ធ្វើឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាកាបាឌីពិភពលោក ចាប់អារម្មណ៍ និងអនុញ្ញាតឲ្យកម្ពុជា រៀបចំការប្រកួតពានរង្វាន់ World Cup Kabaddi 2024 ចាប់ពីថ្ងៃទី២០-២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ ។
ឯកឧត្តមបន្ដថា «ដោយសារគាត់មើលឃើញពីជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយឆ្នាំ២០២៩ យើងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីទៀត ។ តាមរយៈសមិទ្ធផល និងទិសដៅនេះហើយ ទើបគាត់ផ្ដល់សេចក្ដីទុកចិត្ត និងគាំទ្រកម្ពុជារៀបចំការប្រកួតពានរង្វាន់ World Cup Kabaddi ឆ្នាំ២០២៤ ក៏ដូចជាសង្ឃឹមយ៉ាងមុតមាំថា កីឡានេះ នឹងក្លាយជាផ្នែកមួយ ដើម្បីជំរុញការអភិវឌ្ឍយុវជនឆ្ពោះទៅរកឧត្តមភាពជូនខ្លួនឯងផង និងប្រទេសជាតិផង» ។
ទន្ទឹមជាមួយគ្នា ក្នុងនាមដៃគូសហការរៀបចំក្រុមកីឡាករ-កីឡាការិនី ក៏ដូចជាការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ពិភពលោកខាងលើ លោក យិត ភីរៈ បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការនាំយកប្រភេទកីឡាប្រពៃណីមួយរបស់ប្រទេសឥណ្ឌា ដែលមានប្រវត្តិតាំងពី ៥ពាន់ឆ្នាំមុន មកកាន់ទឹកដីកម្ពុជា ស្របពេលកម្ពុជា ក៏មានល្បែងប្រជាប្រិយមួយ ដែលប្រជាពលរដ្ឋ ពិសេសតាមជនបទនិយមលេងកម្សាន្ដក្នុងស្រទាប់យុវជនមកទល់បច្ចុប្បន្ន ដែលគេឲ្យឈ្មោះថា «លេងអ៊ូ ឬល្បែងអ៊ូ» ។
ឯកឧត្តម បានបន្តថា កីឡាកាបាឌី មានបទបញ្ជាប្រកួតសាមញ្ញងាយយល់ ។ ដូច្នេះពាក់ព័ន្ធនឹងការប្រមូលផ្ដុំហ្វឹកហាត់កីឡាករ-កីឡាការិនី ទោះបីមិនសូវមានពេលច្រើន ក៏លោកមានសុទិដ្ឋិនិយមថា ពួកគេនឹងព្យាយាម ហើយធ្វើបានល្អក្នុងការប្រកួតនាពេលខាងមុខ ។ ដោយការផ្សាភ្ជាប់វប្បធម៌ និងប្រវត្តិសាស្ដ្រ រវាងកម្ពុជា និងឥណ្ឌា តាមរយៈការហ្វឹកហាត់ និងប្រកួតកីឡាកាបាឌីនេះ លោកក៏សង្ឃឹមថា នឹងរួមចំណែកបំផុសសកម្មភាពល្បែប្រជាប្រិយខ្មែរ ដូចជាលេងអ៊ូឡើងវិញផងដែរ ដ្បិតល្បែងប្រភេទនេះ មានលេងតែនៅតាមជនបទ ខណៈនៅទីក្រុងមិនសូវឃើញមានឡើយ ។
បន្ថែមលើនេះ ឯកឧត្តម ជិន សំណាង បានប្ដេជ្ញានឹងខិតខំជំរុញការអភិវឌ្ឍវិស័យកីឡាកាបាឌីនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ពោលគឺបន្ទាប់ពីរៀបចំការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០២៤ ខាងមុខ ឯកឧត្តមនឹងបន្ដកិច្ចសហការកាន់តែស្អិតរមួតជាមួយសហព័ន្ធកីឡាកាបាឌីពិភពលោក ដើម្បីឈានទៅបង្កើតសហព័ន្ធជាផ្លូវការ ក៏ដូចជាការបណ្ដុះបណ្ដាលក្រុមធំ និងយុវជនថ្នាលបន្ដវេនជាដើម សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិជាបន្ដបន្ទាប់ទៀតនាថ្ងៃអនាគត ក្នុងនោះក៏មានទិសដៅត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ៕