ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤- ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដូច្នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីពង្រឹងសមត្ថភាព និងការត្រៀមជួយប្រជាជន ដែលត្រូវជួបគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួតជាដើម។ ឯកឧត្ដមបានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឱ្យដឹងថា គិតមកដល់ពេលនេះគឺគម្រប់រយៈពេល១ឆ្នាំនៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់វិស័យអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំ និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រត្រឹមត្រូវច្បាស់លាស់សម្រាប់អនុវត្ត ដោយបានកំណត់នូវអាទិភាពការងារ និងបានរៀបចំជាផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈសម្រាប់ជួយប្រជាជន ដែលត្រូវជួបគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្តារាជធានី-ខេត្ត បានធ្វើឱ្យដំណើរការការងារមានភាពរស់រវើកប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសការងារសម្របសម្រួល ជាមួយក្រសួងស្ថាប័នជំនាញ និងឆ្លើយតបភ្លាមៗ ចំពោះបញ្ហាសង្គ្រោះគ្រោះមហន្តរាយដែលកើនមានកន្លងមក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា លទ្ធផលការងារដែលសម្រេចបានរយៈពេល១ឆ្នាំនេះនឹងក្លាយជាកម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ សំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យលើការងារ កាត់បន្ថយគ្រគ្រប់គ្រងគ្រោះមហន្តរាយ៕



