សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលពានរង្វាន់សន្តិភាព និងការអភិវឌ្ឍន៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៦ ដែលជាពានរង្វាន់មួយប្រគល់ដោយសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន Union Media of Asean ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយឆ្នើមកំពូលរបស់កម្ពុជា ដែលបានជួយរំដោះកម្ពុជាពីរបបកាប់សម្លាប់ខ្មែរក្រហម… និងបានរួមសុខទុក្ខជាមួយនឹងប្រជាជនក្នុងស្រុក ពេលប្រទេសជួបប្រទះសង្គ្រាមស៊ីវិល… និងជាមេដឹកនាំកម្ពុជាដ៏មានឥទ្ធិពល ជាពិសេស សម្តេចតេជោសែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះៗ បញ្ចប់សង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ នៅកម្ពុជា និងជាឥស្សរជនបង្រួបបង្រួមគណបក្សនយោបាយនានា ឱ្យស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ… ក្រោមម្លប់ ព្រះមហាក្សត្រតែមួយបច្ចុប្បន្ន និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយកម្ពុជាមិនមានតំបន់អបគមន៍ដូច សម័យមុននោះទៀតទេ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់សន្តិភាពនិងការអភិវឌ្ឍន៍ ត្រូវប្រជាជនកម្ពុជាបានចាត់ទុកជាអ្នកដឹកនាំ ដែលបាននាំកម្ពុជាចេញរួចពីភាពលំបាកក្រីក្រអតីតកាល និងធ្វើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនបានកើនឡើង និងធ្វើឱ្យកិត្តិយសជាតិបានងើបឡើងត្រដែតក្នុងតំបន់ និងពិភពលោកផងដែរ ។
សូមជម្រាបថា ក្រោមការដឹកនាំរបស់សម្តេចទាំង២ កម្ពុជាដែលធ្លាប់ជាប្រទេសក្រីក្របំផុត បានក្លាយជាប្រទេសក្នុងចំណាត់ចំណូលមធ្យមកម្រិតទាប ដែលផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាឆ្នាំ ២០១៦ នេះ ត្រូវគេរំពឹងថា នឹងមានចំនួន ១៩ពាន់ ៨០០លានដុល្លារអាមេរិក ដែលក្នុងនោះ GDP សម្រាប់ម្នាក់ៗនឹងរំពឹងថា មានចំនួន ១៣០១ដុល្លារ ក្នុងឆ្នាំ ២០១៦ នេះ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែមីនានេះ បានធ្វើលិខិតគាំទ្របង្ហាញមោទនភាព និងសេចក្តីសោមនស្សដែលសម្តេចទាំង២ បានទទួលពានរង្វាន់សន្តិភាព និងការអភិវឌ្ឍន៍ដោយសហព័ន្ធអ្នកសារព័ត៌មានអាស៊ាននាពេលនេះ ។