សម្តេចហេងសំរិន សម្តេចហ៊ុនសែន ទទួលពានរង្វាន់សន្តិភាព និងអភិវឌ្ឍន៍


Peace Award 30 03 16 3 

    សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន និង ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន បាន​ទទួល​ពាន​រង្វាន់​សន្តិ​ភាព​ និង​ការ​អភិ​វឌ្ឍន៍ ​នៅ​ថ្ងៃ​ទី​២៩ ខែ​​មីនា ឆ្នាំ ២០១៦ ដែល​ជា​ពាន​រង្វាន់​មួយ​ប្រគល់​ដោយ​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​អាស៊ាន Union Media of Asean ។

     សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង ​សំរិន និង ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន គឺ​ជា​ឥស្សរ​ជន​នយោបាយ​ឆ្នើម​កំពូល​របស់​កម្ពុជា​ ដែល​បាន​ជួយ​រំដោះ​កម្ពុជា​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម​… និង​បាន​រួម​សុខ​ទុក្ខ​ជា​មួយ​នឹង​ប្រ​ជា​ជន​ក្នុង​ស្រុក ​ពេល​ប្រ​ទេស​ជួប​ប្រ​ទះ​សង្គ្រាម​ស៊ីវិល​… និង​ជា​មេ​ដឹក​នាំ​កម្ពុជា​ដ៏​មាន​ឥទ្ធិ​ពល​ ជា​ពិសេស​ សម្តេច​តេជោ​សែន ដែល​ជា​ស្ថាប​និក​នៃ​នយោបាយ​ឈ្នះ​ៗ​ បញ្ចប់​សង្គ្រាម​ស៊ី​វិល​ជិត​ ៣០​ឆ្នាំ​ នៅ​កម្ពុជា និង​ជា​ឥស្សរ​ជន​បង្រួប​បង្រួម​គណ​បក្ស​នយោបាយ​នានា​ ឱ្យ​ស្ថិត​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​តែ​មួយ​… ក្រោម​ម្លប់ ព្រះ​មហា​ក្សត្រ​តែ​មួយ​បច្ចុ​ប្បន្ន និង​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល ដោយ​កម្ពុជា​មិន​មាន​តំបន់​អបគមន៍​ដូច សម័យ​មុន​នោះ​ទៀត​ទេ ​។

     សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន និង ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន ដែល​ទទួល​បាន​ពាន​រង្វាន់​សន្តិ​ភាព​និង​ការ​អភិ​វឌ្ឍន៍ ត្រូវ​ប្រជា​ជន​កម្ពុជា​បាន​ចាត់​ទុក​ជា​អ្នក​ដឹក​នាំ​ ដែល​បាន​នាំ​កម្ពុជា​ចេញ​រួច​ពី​ភាព​លំបាក​ក្រី​ក្រ​អតីត​កាល និង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ជាតិ​ និង​ជីវ​ភាព​ប្រជា​ជន​បាន​កើន​ឡើង និង​ធ្វើ​ឱ្យ​កិត្តិយស​ជាតិ​បាន​ងើប​ឡើង​ត្រដែត​ក្នុង​តំបន់ ​និង​ពិភព​លោក​ផង​ដែរ​ ។

     សូម​ជម្រាប​ថា ​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ទាំង​២ កម្ពុជា​ដែល​ធ្លាប់​ជា​ប្រ​ទេស​ក្រី​ក្រ​បំផុត បាន​ក្លាយ​ជា​ប្រ​ទេស​ក្នុង​ចំណាត់​ចំណូល​មធ្យម​កម្រិត​ទាប ដែល​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ឆ្នាំ​ ២០១៦ ​នេះ ត្រូវ​គេ​រំពឹង​ថា ​នឹង​មាន​ចំនួន​ ១៩​ពាន់​ ៨០០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ GDP សម្រាប់​ម្នាក់ៗ​នឹង​រំពឹង​ថា មាន​ចំនួន​ ១​​៣០១​ដុល្លារ ​ក្នុង​ឆ្នាំ ​២០១៦ ​នេះ​ ។​

     សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ទី​២៩​ ខែ​មីនា​នេះ បាន​ធ្វើ​លិខិត​គាំទ្រ​បង្ហាញ​មោទន​ភាព និង​សេចក្តី​សោមនស្ស​ដែល​សម្តេច​ទាំង​២ បាន​ទទួល​ពាន​រង្វាន់​សន្តិ​ភាព​ និង​ការ​អភិ​វឌ្ឍន៍​ដោយ​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌មាន​អាស៊ាន​នា​ពេល​នេះ​ ។

Peace Award 30 03 16 4 copy

Peace Award 30 03 16 5