CPP៖ការលើកឡើង របស់ឯកឧត្តម សម រង្ស៊ី ករណីគប់គ្រាប់បែក មុខអតីតរដ្ឋសភា ជាការភូតកុហក


ភ្នំពេញ៖ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា(CPP) បានថ្លែថាការលើក ឡើងរបស់ឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ(CNRP) ពីករណីគប់គ្រាប់បែក នៅមុខអតីតរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ គឺជាការភូតកុហក បោកប្រាស់ប្រជាពលរដ្ឋ។
លោក សុខ ឥសាន្ដ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៣០ មីនា ថា “គាត់និយាយរឿងហ្នឹង ជារឿងនយោបាយទេ ឃោសនា មតិមហាជន និងភូតកហុកមតិមហាជនទេ ចោទអ្នកនេះ ចោទអ្នកនោះ។ ចឹងឲ្យអ្នកឯង រកភស្តុតាងរកបានទេ បើរកបានចាំនិយាយ”។
លោកបន្ដថា ករណីវាយប្រហារដោយគ្រាប់បែក នៅពេលបាតុកម្មកាលពីឆ្នាំ១៩៩៧ កម្ពុជា ក៏បានអំពាវនាវ ឲ្យក្រុម FBI របស់សហរដ្ឋអាមេរិក បានមកចូលរួមស៊ើបអង្កេត កាលពីអំឡុងឆ្នាំ ២០០៤-២០០៥ ហើយក៏បានបញ្ចប់ សំណុំរឿង ជាយូរមកហើយ ព្រោះតែរកមិនឃើញភស្តុតាង។
សូមបញ្ជាក់ថា ឧត្តម សម រង្ស៊ី បានបង្ហាញវីដេអូ នៅតាមបណ្ដាញទំនាក់ទនង សង្គមហ្វេសប៊ុក អំពើភេរវកម្ម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ថា រៀបចំដោយរដ្ឋអំណាច ៕