ភ្នំពេញ៖ បន្ទាប់ពីមានការឯកភាព នូវសំណើរសុំ១ឆ្នាំ ជួបជាមួយ អ្នកសារព័ត៌មាន ម្តងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវកាញារីទ្ធ គ្រោងយកថ្ងៃដែល សម្តេចតេជោឡើងធ្វើ នាយករដ្ឋមន្រ្តីដំបូង ធ្វើជាថ្ងៃណាត់ជួប។
មានប្រសាសន៍នៅ ក្រោយពិធីទទួលពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍពី សហព័ន្ធផ្សព្វផ្សាយព័ត៌មាន អាស៊ាននៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៦ លោក ខៀវ កាញារីទ្ធ លើកឡើងថា “បំណងខ្ញុំ ចង់យកថ្ងៃដែល សម្តេចតេជោ ឡើងធ្វើជានាយករដ្ឋមន្រ្តី ដំបូងពោល គឺថ្ងៃទី១៤មករាដែលរដ្ឋសភា បានអនុម័តិឲ្យសម្តេច ឡើងធ្វើជានាយករដ្ឋមន្រ្តីដើម្បីជួបជាមួយ អ្នកសារព័ត៌មាន ប៉ុន្តែមិនទាន់ប្រាកដ នៅឡើយទេ គឺសុំយោបល់ឯកភាពពីសម្តេចតេជោ ជាមុនសិន ព្រោះសម្តេចរវល់ច្រើន”។
យ៉ាងណាលោករដ្ឋមន្រ្តីថា នឹងចាប់ផ្តើមពីឆ្នាំ២០១៧ តទៅ(ភ្ជួរស្រែទាន់ក្តៅដី) រង់ចាំតែចម្លើយយ់ព្រមពី សម្តេចតេជោតែប៉ុណ្ណោះ ។
ទាក់ទិននឹងការសុំជួប ជាមួយនាយករដ្ឋមន្រ្តី១ឆ្នាំម្តង របស់អ្នកសារព័ត៌មាននេះ លោករដ្ឋមន្រ្តី ពន្យល់ថា ជាប្រពៃណីមួយល្អបំផុត ដែលថ្នាក់ដឹកនាំប្រទេស ឬ ប្រមុខរដ្ឋាភិបាល នៅគ្រប់ប្រទេស មានកម្មវិធីក្នុង១ឆ្នាំជួបអ្នកកាសែតម្តង ដើម្បីជួបសំណេះសំណាល ជជែកការងារក្រៅពី នាយករដ្ឋមន្រ្តីធ្វើសន្និសីទ ការសែត ឬកម្មវិធីអ្វីផ្សេងៗនោះ គឺជាការជួបគ្នា ដោយធម្មតា ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា កម្មវិធីនេះ សម្តេចតេជោលោកមាន បំណងជាយូមកហើយ តែលោកគិតថាពេល ធ្វើទៅខ្លាចគេថា ជាការទិញទឹកចិត្តអ្នកសារព័ត៌មាន ។ កម្មវិធីជួបជាមួយ អ្នកកាសែតនេះ មិនអាចបើកជាចំហរបានទេ គឺត្រូវជ្រើសរើសអ្នក តំណាងអង្គភាព ឬស្ថាប័ន ព្រោះអ្នកកាសែតយើងមានច្រើន ម៉្យាងចង់រកកន្លែងមួយ ងាយស្រួលទទួលទានស្រួល ក្នុងការជជែក ពិភាក្សាគ្នា ដូចជាបងប្អូននិងគ្នា។
លោក ខៀវ កាញារីទ្ធ បន្ថែមថា ពេលនោះសម្តេចនាយករដ្ឋមន្រ្តី អាចជជែកគ្នាដោយ ភាពស្និតស្នាល នឹងបានដឹងពីការលំបាក និងភាពងាយស្រួល របស់អ្នកកាសែត អាចនិយាយបានថា យើងទុកខោអាវនាយករដ្ឋមន្រ្តី ទុកខោអាវអ្នកកាសែតជុំគ្នា ជាខ្មែរតែមួយ និយាយគ្នាលេង ដោយក្តីសប្បាយរីករាយ៕