សម្តេចតេជោ ហ៊ុន សែន បន្តរម្លឹកអំពីគុណសម្បត្តិរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការអនុវត្តគោលនយោបាយឈ្នះឈ្នះ, មានសម្តេច ទៀ បាញ់ ម្នាក់ដូចមានទាហានមួយកងពលនៅជាប់នឹងខ្លួន


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តរម្លឹកអំពីគុណសម្បត្តិរបស់ សម្តេចពិជ័យសេនាទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការអនុវត្តគោលនយោបាយឈ្នះឈ្នះ រហូតឈានទៅបិទបញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុងនៅកម្ពុជា ហើយសម្តេចបានចាត់ទុកថា មាន សម្តេចពិជ័យសេនា ទៀ បាញ់ ម្នាក់ដូចមានទាហានមួយកងពលនៅជាប់នឹងខ្លួន។

នយោបាយឈ្នះឈ្នះ ដែលជានយោបាយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ហើយបិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ការបន្តរម្លឹកពីវីរៈភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះ ស្តីពី មេរៀនរបស់សម្តេចតេជោ ហ៊ុន សែន៖ ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅសេរីភាព និងការរីកចម្រើន នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសទីម័រឡេស្តេ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការសប្បាយរីករាយ ខណៈដែលប្រតិបត្តិករអនុវត្តន៍នយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេច ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមស៉ីវិល នៅកម្ពុជា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ គឺបានបំពេញភារកិច្ចរបស់ពួកគេបានយ៉ាងល្អ។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកយ៉ាងដូច្នេះថា៖ «មានអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ម្នាក់ (សម្តេចពិជ័យសេនា ទៀ បាញ់) គាត់បម្រើការជារដ្ឋមន្ត្រីការពារជាតិឱ្យខ្ញុំ ខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ គាត់ក៏ធ្វើជារដ្ឋមន្ត្រីការពារជាតិឱ្យខ្ញុំ អស់រយៈពេលជាង ៣៥ឆ្នាំ នៅទីនេះប្រហែលមានអ្នកស្គាល់ គឺ ទៀ បាញ់ ឥឡូវកូនរបស់គាត់កំពុងតែបំពេញតួនាទី ជំនួសគាត់ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ខ្ញុំមានមេទ័ពម្នាក់នេះ ស្នើនឹងមានកងទ័ពមួយកងពលនៅជាប់ជាមួយខ្លួន»

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ជាអ្នកដឹកនាំអនុវត្តនយោបាយឈ្នះឈ្នះបន្តពីសម្តេច ហើយសម្តេចពិជ័យសេនា ទៀ បាញ់ បានចូលរួមចំណែកយ៉ាងធំធេងចំពោះជោគជ័យនៃនយោបាយឈ្នះឈ្នះ ពីព្រោះការអនុវត្តនយោបាយឈ្នះឈ្នះនេះ បើមានការភ្លាតតែបន្តិច នោះបានសេចក្តីថា កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា នឹងត្រូវក្លាយជាអសារបង់ទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការអនុវត្តនយោបាយឈ្នះឈ្នះ គឺត្រូវការបុគ្គលដែលមានភាពស្មោះត្រង់ ដើម្បីបន្តយកទៅអនុវត្តចំពោះភាគីម្ខាងទៀត ដើម្បីផ្តល់នូវជំនឿទុកចិត្តមកលើការអនុវត្តនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាលត្រឡប់មកវិញផងដែរ។ ដោយគ្រានោះរដ្ឋាភិបាលត្រូវស្ថាបនាផ្លូវ ស្ពាន ប្រឡាយទឹក សាលា មន្ទីរពេទ្យនៅតំបន់ដែលព្រមចុះចូលជាមួយរដ្ឋាភិបាលឱ្យមានភាពស្មើៗគ្នា ដូច្នេះ ចំណុចនេះវាជាគ្រោះថ្នាក់ប្រសិនបើគ្រាន់តែធ្វើសមាហរណកម្មនយោបាយ និងរដ្ឋបាល ដោយមិនធ្វើសមាហរណកម្មរូបវន្តទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច-សង្គម និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនោះការអនុវត្តនយោបាយឈ្នះឈ្នះ ក៏មិនអាចទៅរួចនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំពោះសម្តេច និងប្រជាជនកម្ពុជា, សន្តិភាព គឺមានតម្លៃខ្លាំងណាស់ ដែលចាំបាច់ត្រូវតែការពារឱ្យបាត់បង់ជាដាច់ខាត។ ដូច្នេះ ការបញ្ឆេះសង្គ្រាម គឺជារឿងងាយស្រួល ប៉ុន្តែការស្វែងរក និងការរក្សាសន្តិភាព ឱ្យបានគង់វង្សយូរអង្វែងគឺជារឿងមួយដ៏លំបាកខ្លាំងណាស់៕