នៅចំពោះមុខថ្នាក់ដឹកនាំជាង១៥០ប្រទេស, សម្តេចធិបតី ហ៊ុន ម៉ាណែត ទទូចឱ្យប្រកៀកស្មារគ្នាការពារសមុទ្រ និងមិនត្រូវទុកឱ្យសមុទ្រស្លាប់បន្តិចម្តងៗនោះទេ ពីព្រោះសមុទ្រមិនអាចទ្រហោយំ​ រៀបរាប់ពីការឈឺចាប់របស់វាបានទេ


(ភ្នំពេញ)៖ ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅចំពោះមុខថ្នាក់ដឹកនាំជាង១៥០ប្រទេស ជុំវិញពិភពលោក, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា យើងមិនអាចឱ្យសមុទ្រស្លាប់បានទេ យើងត្រូវតែរួមគ្នាការពារសមុទ្រ មហាសមុទ្រមិនអាចទ្រហោយំ​ រៀបបរាប់ពីការឈឺចាប់របស់វាបានទេ និងអំពាវនាវឱ្យមានសកម្មភាពរួមប្រកបដោយក្តីក្លាហាន ឱ្យមានការបង្រួបបង្រួមគ្នា ប្រកបដោយភាពម៉ឹងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងដើម្បីមនុស្សជំនាន់ក្រោយ។

ការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទ អង្គការសហប្រជាជាតិ ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចដោយជោគជ័យ និងទទួលផ្លែផ្កាយ៉ាងត្រចេះត្រចង់ជូនជាតិ, ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា នៅក្នុងឱកាសថ្លែងសន្ទរកថានៅទីក្រុងនីស សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្លឺសំលេងរបស់កម្ពុជា ដើម្បីទាញសញ្ញាអាសន្ន ដោយបានលើកជាសំណួរ ថាតើពិភពលោកបច្ចុប្បន្ន នៅបន្តពងើយកន្តើយ ​មិនយកចិត្តទុកដាក់ចំពោះមហាសមុទ្រ ឬក៏ត្រូវផ្តើមប្រកៀកស្មាររួបរួមគ្នា ការពារមហាសមុទ្រ?។

ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ប្រាប់ទៅថ្នាក់ដឹកនាំពិភពលោកបានបានដឹងយ៉ាងច្បាស់ថា ជាច្រើនឆ្នាំមកនេះកម្ពុជា បានសម្រេចចិត្តរួចជាស្រេចក្នុងកិច្ចការពារសមុទ្ររបស់ខ្លួន ជាក់ស្តែងក្នុងន័យនេះកម្ពុជា បានទុកបម្រុងថវិកាមួយកញ្ចប់សម្រាប់អំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០៣០ ដើម្បីអភិរក្សដែនសមុទ្រ របស់ខ្លួនគាំទ្រគំនិតផ្តួចផ្តើមប្រឆាំងនឹងការនេសាទខុសច្បាប់ និងគ្រប់គ្រងជលផល ប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតតំបន់ការពារដែនសមុទ្រ នៅតំបន់កោះរ៉ុង និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការតំបន់ដើម្បីជីវៈចម្រុះសមុទ្រ។

ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សម្តេចបហាបវរធិបតី ថ្លែងថា មហាសមុទ្រមិនអាចទ្រហោយំ​ រៀបបរាប់ពីការឈឺចាប់របស់វាបានទេ វាត្រូវពឹងពាក់លើយើង (មនុស្ស) សំលេងរបស់យើង ក្នុងន័យនេះសម្តេចបានអំពាវនាវឱ្យមានសកម្មភាពរួមប្រកបដោយក្តីក្លាហាន ឱ្យមានការបង្រួបបង្រួមគ្នា ប្រកបដោយភាពម៉ឹងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងដើម្បីមនុស្សជំនាន់ក្រោយ»

ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានថ្លែងថា ក្នុងឱកាសថ្លែងសន្ទរកថា នៅចំពោះមុខប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីជុំវិញពិភពលោក នៅទីក្រុងនីស ប្រទេសបារាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន របស់កម្ពុជា ២០២៣-២០២៨ ដែលមានមូលដ្ឋានលើសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ សមុទ្រគឺមានភាពសំខាន់ ខណៈរាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ ដើម្បីលើកតម្កើងការយល់ដឹង ពីបរិស្ថាន ទេសចរណ៍ឆ្នេរសមុទ្រ វប្បធម៌ និងប្រពៃណីរបស់សហគមន៍អ្នករស់នៅតាមតំបន់សមុទ្រ។

ឯកឧត្តមបានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មហាសមុទ្រ គឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដី ហើយកម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ និងបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនបានរង់ចាំ (UNOC1) (UNOC2) ឬ (UNOC3) នោះទេ ប៉ុន្តែ កម្ពុជាបានចាប់ផ្តើមថែរក្សាដែនសមុទ្ររបស់ខ្លួនចាប់ពីពេលនេះតទៅ។

«សម្រាប់សម្តេច ពេលនេះជាពេលដែលសហគមន៍អន្តរជាតិ ត្រូវបញ្ចេញសកម្មភាព ដោយមិនត្រូវព្រងើយកន្តើយនោះទេ មិនត្រូវទុកឱ្យសមុទ្រស្លាប់ បន្តិចៗម្តង នោះទេផ្ទុយទៅវិញ ត្រូវចាប់ផ្តើមរួមគ្នា ប្រកៀកស្មារគ្នា ការពារមហាសមុទ្រ»។ នេះជាការសង្ខេបបន្ថែមរបស់ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់៕