ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត» និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា»


(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត» និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Tiziana Bonapace ប្រធាននាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃ UN-ESCAP លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា អនុប្រធាននិងសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងអង្គទូត តំណាងអង្គការអន្តរជាតិ ជនបង្គោលនិងមន្រ្តីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ វិស័យឯកជន និងសាធារណជនប្រមាណ ៤៥០នាក់។

ថ្លែងក្នុងឱកាសនេះ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាព និងក្លាយជាមូលដ្ឋានច្បាស់លាស់ សម្រាប់ការរៀបចំនិងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ ស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ»

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័ន រៀបចំយុទ្ធសាស្រ្ត ស្តីពីបញ្ញាសិប្បនិម្មិតក្នុងវិស័យរបស់ខ្លួន ព្រមទាំងវាយតម្លៃអំពីកម្រិតហានិភ័យ នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការគាំទ្រ ក្នុងនាមក្រសួងជំនាញបច្ចេកទេសនឹងផ្ដល់ការគាំទ្រតាមលទ្ធភាព និងទិសដៅអាទិភាព ដែលបានរៀបចំនៅកម្រិតជាតិ។ និយាយសាមញ្ញគឺថា តួអង្គពាក់ព័ន្ធគ្រប់វិស័យ «មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយ និងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»

សូមជម្រាបជូនថា សិក្ខាសាលាថ្នាក់ជាតិ ស្តីពីសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា» មានគោលបំណងសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្តល់ជាវេទិកាដើម្បីពិភាក្សា និងផ្តល់សុពលភាពលើមតិយោបល់កន្លងមក លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមាន ក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ និងសិស្សានុសិស្សដែលសិក្សាជំនាញពាក់ព័ន្ធ ដើម្បីធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរាល់ ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះ នៅពេលដាក់ឱ្យប្រើប្រាស់៕