សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ឯកឧត្តមជាទីរាប់អានដ៏ជ្រាលជ្រៅ! ក្នុងនាមប្រជាជន អង្គនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាពិសេសព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ ដូចជាក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូន ចំពោះ ឯកឧត្តម សភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) និងប្រជាជនចិនជាទីរាប់អាន ក្នុងឱកាសដ៏ ឧត្តុង្គឧត្តមនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC)។

ខ្ញុំសូមកោតសរសើរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ច-សង្គម របស់ PRC ដែល ទទួលបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្ស កុម្មុយនីស្តចិន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សទី១ នៃការកសាងសង្គមមានវិបុលភាពកម្រិត មធ្យមលើគ្រប់វិស័យនៅឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែល CPPCC បានរួមចំណែកយ៉ាង សំខាន់។ ខ្ញុំជឿជាក់ថា PRC នឹងបន្តឈានទៅមុខឆ្ពោះទៅសម្រេចគោលដៅសតវត្សរ៍ទី២របស់ខ្លួននៅឆ្នាំ២០៤៩ ខណៈពេលដែល PRC ដើរតួនាទីសំខាន់បំផុតក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។

ខណៈប្រទេសយើងទាំងពីរកំពុងរួមគ្នាកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យ ថ្មី ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានឃើញនូវទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្ររបស់យើងបន្តរីកចម្រើន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ។

ខ្ញុំសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរបស់យើង និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី រវាងប្រទេសយើងទាំងពីរឱ្យកាន់តែខ្លាំងក្លា ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជា និង CPPCC នៃប្រទេសចិន ដើម្បី ផលប្រយោជន៍ជាក់ស្តែងច្រើនថែមទៀតសម្រាប់ប្រជាជនយើងទាំងពីរ។

សាជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ហើយខ្ញុំក៏សូមជូនពរ ឯកឧត្តម និងសហការី ឯកឧត្តម ទទួលបានសុខភាពល្អ និងបន្តជោគជ័យរាល់ភារកិច្ចដ៏ឧត្តុង្គឧត្តម»