សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញើសារលិខិតរំលែកទុក្ខជូនឯកឧត្តម ឡាយ សំកុល និងលោកជំទាវ ចំពោះមរណភាព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដា្ឋនព្រឹទ្ធសភា និងលោកជំទាវ ជា ចាន់ឌី ព្រមទាំងក្រុមគ្រួសារចំពោះមរណភាព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល កាលពី ថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ វេលាម៉ោង ១២:០៩នាទី ឆ្លងចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល គឺជាការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទូត និងសាសនិកជនគំរូមួយរូប ដែលមានព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃ នៅក្នុងគ្រួសារ ដែលកន្លងមកបានខិតខំតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីចិញ្ចឹមបីបាច់ថែរក្សា ផ្ដល់ឱវាទអប់រំ ដល់កូន ចៅ ឱ្យមានអនាគតរុងរឿង ក្លាយជាបញ្ញវន្ត ជាឥស្សរជន ដែលជាធនធានមនុស្សដ៏សំខាន់ របស់សង្គមជាតិ។ លើសពីនេះទៅទៀត ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល តែងតែបានចូលរួម ចំណែកធនធាន កសាងសមិទ្ធផលនានា ទ្រទ្រង់នៅក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ ប្រកបដោយទឹកចិត្ត សប្បុរសធម៌ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕