រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យប្រយ័ត្នលើការទទួលព័ត៌មានស្ថានការណ៍ព្រំដែន ព្រោះមានជនមួយចំនួនបង្កើត​ព័ត៌មានក្លែងក្លាយ ដើម្បីបានចំនួន likes, shares, views


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកថា អំឡុងពេលនេះ មានជនមួយចំនួនបង្កើតព័ត៌មានក្លែងក្លាយជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បី​បានចំនួន likes, shares, views ដូច្នេះសូមសាធារណជនប្រុងប្រយ័ត្ន និងសូម​ទទួល​ព័ត៌មានតែពីប្រភពផ្លូវការ។

នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ រួមមាន​ដំណឹង​ក្លែងក្លាយ ព័ត៌មានមិនពិត ការញុះញង់បំពុលសង្គម ការប្រមាថ និងព័ត៌​មាន​មិន​ពិតទាក់ទងនឹងជម្លោះព្រំដែនចំនួន ២,៨១០ករណី ក្នុងនោះការបំភ្លៃខុស​ពីការ​ពិត ការប្រឌិតព័ត៌មានទាក់ទងនឹងរាជរដ្ឋាភិបាល និងបញ្ហាព្រំដែនចំនួន ២,១២២​ករណី។

ក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ, គណៈកម្ម​ការ​ប្រឆាំងនឹងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មានបាន​ដាក់ចុះនូវ​វិធានការ​ជាច្រើនដោយអនុវត្តអភិក្រម «ពន្លត់ភ្លើង មិនអង្គុយបកផ្សែង» ដោយ៖

ទី១៖ ការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន
ទី២៖ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដោយដាក់ឱ្យគោរព និងអនុវត្ត​ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
ទី៣៖ បណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកមាន​ឥទ្ធិពល​នៅ​លើ​បណ្តាញសង្គម
ទី៤៖ ការផ្តល់នូវចំណេះដឹងអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
ទី៥៖ ការពង្រឹង និងពង្រីកការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ និងមានប្រយោជន៍​សម្រាប់​សង្គម
ទី៦៖ ការធ្វើយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេស និងការកសាង​យន្តការពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ
ទី៧៖ បានចលនាបណ្តាប្រទេសផ្សេងៗក្នុងតំបន់ក្នុងការរៀប​ចំយន្តការ​ថ្នាក់តំបន់​ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយក្រោមការជំរុញការងារ «ការទូតព័ត៌មាន»
ទី៨៖ បង្កើនប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពីប្រភពផ្លូវការ និងយន្តការ​បញ្ចេញព័ត៌​មាន និងការឆ្លើយតប
ទី៩៖ ការសិក្សាស្រាវជ្រាវដើម្បីឈានទៅរៀបចំច្បាប់ស្តីពីការ​ប្រឆាំងព័ត៌មាន​ក្លែង​ក្លាយ និងការងារជាច្រើនទៀតដែលក្រសួងព័ត៌មានបានធ្វើ និងកំពុងធ្វើ ដើម្បី​ពន្លត់​ភ្លើង។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីធ្វើឱ្យកម្ពុជា មិនត្រូវបានបំពុលដោយ​ព័ត៌មានក្លែងក្លាយរបស់ក្រុមជនមួយចំនួន សូមសាធារណជនទូទៅ ជាពិសេសអ្នក​សារព័ត៌មាន មេត្តាបន្តចូលរួមទាំងអស់គ្នា ដោយមិនបង្កើតព័ត៌មាន ក្លែងក្លាយ មិន​ចែក​ផ្សព្វផ្សាយ និងត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ព័ត៌មានក្លែងក្លាយត្រូវបន្សាប​ដោយព័ត៌មានពិត! ករណីរកឃើញថាមានព័ត៌មានក្លែងក្លាយ, សូមកុំរំលង! អ្នកអាច​ចូល​រួមកម្ចាត់ លុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយនោះ ដោយផ្តល់នូវ​ការព័ត៌មាន​ពិត ត្រឹមត្រូវ និងជឿទុកចិត្តបានប្រកបដោយប្រភពច្បាស់លាស់ជារូបភាព ជា​សំ​ណេរ ឬជាវីដេអូ។

«យើងមិនត្រូវទុកចន្លោះពេលវេលាច្រើនដល់ព័ត៌មានក្លែងក្លាយទេ, ទុកចន្លោះពេល​កាន់តែយូរ កាន់តែមានហានីភ័យខ្ពស់ និងមហន្តរាយធំ។ ដូច្នេះសូមប្រើប្រាស់ការ​បន្សាប​​ភ្លាមៗតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿនបំផុត។ វិធាន​ការ​មាន​ប្រសិទ្ធភាពបំផុតក្នុងការបន្សាបព័ត៌មានក្លែងក្លាយ គឺព័ត៌មានពិត និងត្រឹមត្រូវ»។ នេះ​ជា​ការលើកឡើងបន្ថែមរបស់លោក នេត្រ ភក្ត្រា។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ​គណៈ​កម្មការប្រឆាំងពព័ត៌មានក្លែងក្លាយ ដែលបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បី​ឆ្លើយតប និងទប់ស្កាត់សកម្មភាពបង្កើតព័ត៌មានក្លែងក្លាយពីសំណាក់​ជនខិល​ខូច ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ ដូច្នេះ សូម​ក្រុម​ការងាររួមគ្នាបង្កើនសកម្មភាពបន្ថែមទៀត ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះ​ការ​រកឃើញនូវព័ត៌មានក្លែងក្លាយ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ជា​ពិសេសយើងត្រូវរួមគ្នាធ្វើឱ្យប្រជាជនទុកចិត្តមកលើរាជរដ្ឋាភិបាល ចំពោះការ​ផ្សព្វ​ផ្សាយ​ពព័ត៌មាន ពិតត្រឹមត្រូវ ច្បាស់លាស់ និងរហ័សទាន់សកម្មភាពការណ៍​ដែល​បាន​កើតឡើង។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ការបាត់បង់ជំនឿតាម​រយៈព័ត៌មាន​ក្លែងក្លាយ ដែលយើងមិនបានផ្សព្វផ្សាយតបទៅវិញ មិនបានបកស្រាយបកទៅវិញ គឺ​វាស្មើនឹងការបំផ្លាញខ្លួនយើងហើយ ចំពោះការបាត់បង់ជំនឿទុកចិត្តរបស់ពលរដ្ឋ​ដោយ​សារព័ត៌មានក្លែងក្លាយ មិនមែនជាយុត្តិធម៌សម្រាប់យើងនោះទេ។ អ៊ឹចឹងត្រូវ​មើលឱ្យឃើញពីតួនាទីរបស់ក្រសួងយើង»