ឯកឧត្តម ហ៊ី សោភា ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ ក្នុងឱកាសព្រះអង្គក្លាយជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រ ឯនាយសមុទ្ររបស់ប្រទេសបារាំង


ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការ ដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ សម្តែងនូវសេចក្តីសោមន្សរីករាយឥតឧបមា ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះអង្គបាន ចូល​ជា​សមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រ​ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជា​នុ​ញ្ញាត​សម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាល​ជ្រៅជា​ទី​បំផុត ដែលការយាងជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រ​ឯនាយ​សមុទ្រ
នេះបានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គកាន់តែល្បីស្ញប់ស្ញែង និង​ពោរ​ពេញទៅដោយសេចក្ដីគោរពស្រឡាញ់ពីប្រជារាស្ត្រកម្ពុជា និងធ្វើឱ្យ​ព្រះ​រាជាណាចក្រកម្ពុជាទាំងមូលទទួលបានមហាកិត្តិយសដ៏ឧត្តុង្គឧត្តមទាំង ក្នុងតំបន់ និងអន្តរជាតិ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យ​ព្រះ​រតនត្រៃ ទេវតាទាំងមួយម៉ឺនលោកធាតុ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមមេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ថ្វាយ ព្រះករុណា ជា​អម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជ​សុខ​ភាព​ល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និង​ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ៕