ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការ ដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ សម្តែងនូវសេចក្តីសោមន្សរីករាយឥតឧបមា ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះអង្គបាន ចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលការយាងជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ
នេះបានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គកាន់តែល្បីស្ញប់ស្ញែង និងពោរពេញទៅដោយសេចក្ដីគោរពស្រឡាញ់ពីប្រជារាស្ត្រកម្ពុជា និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលទទួលបានមហាកិត្តិយសដ៏ឧត្តុង្គឧត្តមទាំង ក្នុងតំបន់ និងអន្តរជាតិ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ទេវតាទាំងមួយម៉ឺនលោកធាតុ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមមេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ថ្វាយ ព្រះករុណា ជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ៕





