កម្ពុជាប្រកាសបើកឱ្យដំណើរការ ធ្វើប្រតិបត្តិការសេវាទូរសព្ទចល័ត 5G ជាផ្លូវការ ចាប់ពីឆ្នាំ២០២៦តទៅ


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺការបើកឱ្យដំណើរការជាផ្លូវការ នៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជាចាប់ពីឆ្នាំ២០២៦តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

អត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជា ដូចខាងក្រោម៖

* ល្បឿនទិន្នន័យលឿនបំផុត លឿនជាងសេវា 4G ដល់ទៅ ១០ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។
* រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង បណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។
* ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។
* ការជំរុញឧស្សាហកម្មនិងស្នូលអេកូឡូស៊ីឌីជីថល សេវា 5G នឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍។
* ការលើកកម្ពស់សេវាសាធារណៈ e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។
* ការពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ សេវា 5G នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

សេវា 5G មិនមែនត្រឹមតែ «អ៊ីនធឺណិតល្បឿនលឿន» ប៉ុណ្ណោះទេ តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗ របស់ប្រជាជនកម្ពុជា។

សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រ ក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ហើយបានប្រមូល ធាតុចូល ពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យ នៅក្នុងប្រទេសកម្ពុជា៕