ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ ឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងសហការីអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ នៅស្ថានទូតបារាំងប្រចាំកម្ពុជា។
ក្នុងឱកាសជំនួបដ៏សំខាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ជូនអំពីការចូលរួមដ៏សំខាន់របស់ប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារហូតមក តាមរយៈគម្រោងសហប្រតិបត្តិការជាច្រើនកន្លងមក និងការសន្យាបន្តជួយបន្ថែមតទៅទៀតក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ យ៉ាងជ្រាលជ្រៅដល់ប្រទេសបារាំង រដ្ឋាភិបាលបារាំង ប្រជាជនបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជាដែលតែងតែជួយឧបត្តម្ភ និងគាំទ្ររដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ក្នុងការស្តារ និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ស្ថានទូតបារាំងប្រចាំកម្ពុជាដែលបានជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ពិសេសគឺសភាពការណ៍ពិតពីនយោបាយ សុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្បាប់សាធារណៈល្អប្រសើរដល់វិនិយោគិន និងប្រជាជនបារាំងដែលចង់ស្វែងយល់ពីកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ដែលបានធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍បារាំងមកទស្សនាកម្ពុជាមានចំនួនច្រើនឡើងជារៀងរាល់ឆ្នាំ និងជាទីផ្សារធំទាំង១០របស់កម្ពុជា។
ក្នុងជំនួបប្រកបដោយលទ្ធផលផ្លែផ្កានេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅ និងប្រកបដោយការស្ថាបនាលើកិច្ចសហការរួមគ្នា ជាលក្ខណៈបុរេសកម្ម ដើម្បីរៀបចំភូមិហ្រ្វង់កូហ្វូន (Village Francophone) ឱ្យមានភាពទាក់ទាញ រស់រវើក ប្រកបដោយខ្លឹមសារស៊ីជម្រៅ និងបង្ហាញពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដល់ប្រតិភូជាន់ខ្ពស់ ព្រមទាំងអ្នកចូលរួមក្នុងការកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦ ខាងមុខ ឱ្យបានទូលំទូលាយដល់ពិភពលោក។















