នាព្រឹកថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល (WRAP-UP Meeting) នៃបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីពិនិត្យវឌ្ឍនភាពអនុវត្តន៍អនុគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហាន២ នៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤(EPOLE4)។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានការចូលរួមពីលោក Lance Gore និងលោក Long Piseth ប្រធានក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកិច្ចការនារី តំណាងអភិបាលនៃគណៈអភិបាលខេត្តគោលដៅ នាយកដ្ឋាន និងមន្ទីរក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបូកសរុបនូវលទ្ធផលនៃបេសកកម្មត្រួតពិនិត្យលើវឌ្ឍនភាពអនុវត្តន៍អនុគម្រោង ដែលទទួលបានជោគជ័យ និងដោយរលូនទៅតាមផែនការ និងតាមលក្ខខណ្ឌរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា បេសកកម្មនេះពិតជាមានសារសំខាន់ខ្លាំងណាស់ចំពោះក្រសួងធនធានទឹក និងឧតុនិយម ដើម្បីសម្រេចបាននូវប្រព័ន្ធធារាសាស្ត្រមានលក្ខណៈទំនើប និងគ្រប់ជ្រុងជ្រោយ ដែលបម្រើផលប្រយោជន៍ដល់ប្រជាជន បញ្ចៀសនូវទឹកជំនន់ និងមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅរដូវប្រាំង ជាពិសេសបង្កើនរដូវដាំដុះរហូតដល់ ៣ដងក្នុងមួយឆ្នាំ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងលើកស្ទួយសេដ្ឋកិច្ចជាតិ៕


