នារសៀលថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃទីស្នាក់ការគណបក្សឃុំ ឯកឧត្តម ជីវ ស៊ុនហេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណ ៨០នាក់។
ក្នុងឱកាសសំណេះសំណាល ឯកឧត្តម ជីវ ស៊ុនហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ញាស្មារតី រួបរួមសាមគ្គីគ្នាបំពេញការងារយ៉ាងសកម្មក្នុងការជួយដោះស្រាយបញ្ហាប្រឈមចំពោះមុខក្នុងមូលដ្ឋានប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងពីសមិទ្ធផលនានាដែលសម្រេចបាន រួមមាន សំណង់អគារទីស្នាក់ការគណបក្សឃុំថ្មី ការឧបត្ថម្ភដល់គ្រួសារទទួលមរណភាព និងកូនខ្ចី និងលើកទិសដៅផែនការអនុវត្តបន្តដើម្បីអភិវឌ្ឍន៍ឃុំកំពង់ចិនជើងឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង បានលើកទឹកចិត្តដល់ក្រុមការងារ និងសមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវបន្តរួបរួមសាមគ្គីគ្នាយកចិត្តទុកដាក់ក្នុងការដោះស្រាយភាពអសកម្មនានាឱ្យបានទាន់ពេលវេលា។ ឯកឧត្តមប្រធានក្រុមការងារ ក៏បាននាំយកអំណោយឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវប្រគល់ជូនដល់សមាជិកសមាជិការសរុប ៨០នាក់ ដែលក្នុងម្នាក់ៗអង្ករ១០គីឡូក្រាម និងថវិកាមួយចំនួនសរុបអស់ប្រមាណ ១០លានរៀល៕


