ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ ដោយបានរៀបចំស្ដង់បង្ហាញអំពីសមិទ្ធផល និងសេវាសាធារណៈរបស់ក្រសួងផង ក៏ដូចជានាំយកនូវព័ត៌មានអំពីឱកាសការងារ ព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. និងព័ត៌មានអំពីការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ។
ពិព័រណ៍នេះ រៀបចំដោយក្រសួងពាណិជ្ជកម្ម នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រជាពលរដ្ឋអាចចូលរួមព្រឹត្តិការណ៍នេះដោយសេរី។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៦ ខែធ្នូនេះថា ការចូលរួមក្នុងពិព័រណ៍នេះ គឺជាកឱកាសល្អមួយ ដែលអាចឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញអំពីសេវាសាធារណៈរបស់ខ្លួនឱ្យប្រជាពលរដ្ឋ និងសាធារណជនបានដឹងបន្ថែមទៀត។ ម្យ៉ាងទៀត ក៏អាចឱ្យក្រសួងបង្ហាញអំពីសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេលជាង ២ឆ្នាំ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧ ថែមទៀតដែរ។
លើសពីនេះទៀត ឯកឧត្តម ស៊ុន មេសា ក៏បានចាត់ទុកការចូលរួមរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ ក៏ជាឱកាសដ៏មួយដែរសម្រាប់ប្រជាពលរដ្ឋ ដោយពួកគាត់អាចសាកសួរពីព័ត៌មានឱកាសការងារ ដែលបច្ចុប្បន្នមានរហូតដល់ជាង ៨ម៉ឺនកន្លែង ព័ត៌មានពីអត្ថប្រយោជន៍ ប.ស.ស. ដែលមានផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន ជាដើម។
ឯកឧត្តមថា ក្រៅពីនោះទៀត ប្រជាពលរដ្ឋ ជាពិសេសយុវជន ក៏អាចទទួលបានព័ត៌មានពីការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់ ១០វិស័យ និង ៤៥ជំនាញ ហើយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលមានរហូតដល់ ៣៧ នៅទូទាំងប្រទេស។
នៅក្នុងឱកាសនោះដែរ អ្នកនាំពាក្យក្រសួងការងារ ក៏បានបង្ហាញចំណុចពិសេសរបស់បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ៕












