ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីពិនិត្យឡើងវិញនូវបញ្ហាមួយចំនួន។
បញ្ហាដែលលើកយកមកពិនិត្យរួមមាន៖
* ការយល់ដឹងអំពីស្ថានភាពជាក់ស្តែងនៅក្រុងប៉ោយប៉ែត
* ពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្រុងប៉ោយប៉ែត
* បន្តលើកកម្ពស់ គាំទ្រ ជួសជុល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងប៉ោយប៉ែត
* បន្តផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតឱ្យបានកាន់តែល្អប្រសើរ
* ស៊ើបអង្កេត និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ ដោយការជ្រៀតជ្រែកពីប្រទេសជិតខាង
* សិក្សាពីដំណោះស្រាយ ចំពោះបញ្ហាប្រឈមផ្សេងៗ ក្នុងក្រុងប៉ោយប៉ែតដែលបានកើតឡើងកន្លងមក
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីធានាសុវត្ថិភាពដល់ជនបរទេសដែលមានសញ្ជាតិ៧២ផ្សេងៗគ្នា កំពុងរស់នៅ ធ្វើអាជីវកម្ម វិនិយោគ និងធ្វើការក្នុងវិស័យផ្សេងៗនៅក្នុងក្រុងប៉ោយប៉ែតផ្ទាល់។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសម្តែងការកោតសរសើរ និងមោទនភាពចំពោះសមិទ្ធផលការងារកន្លងមក ដែលបានបង្ហាញអំពីលទ្ធផលល្អប្រសើរ សម្រាប់ការរួមចំណែកក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោន»» ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្រមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមផ្តាំផ្ញើឱ្យមន្ត្រី និងក្រុមការងារទាំងអស់គ្នាបន្តសកម្មភាពការងារល្អៗទាំងឡាយ ហើយពង្រីកសកម្មភាពល្អៗផ្សេងទៀត ដើម្បីបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕









