ឯកឧត្តម សុខ សូកាន អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាជូនពលរដ្ឋភៀសសឹកចំនួន២០៨គ្រួសារ ដែលមកស្នាក់នៅក្នុងមូលដ្ឋានស្រុកគិរីវង់


ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខគ្រួសារភៀសសឹកទាំងអស់ ដែលត្រូវបានចល័តមករកទីទួលមានសុវត្ថិភាពបណ្ដោះអាសន្ន គេចពីសត្រូវឈ្លានពានទឹកដី, ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាជូនដល់ប្រជាពលរដ្ឋដែលភៀសសឹក ចំនួន២០៨គ្រួសារ ដែលបានមកស្នាក់នៅក្នុងមូលដ្ឋានស្រុកគិរីវង់។ ពិធីនេះ បានរៀបចំឡើង នៅលើសួនវប្បធម៌សម្តេចវិបុលបញ្ញា សុខ អាន គិរីវង់។

អំណោយទាំងនោះរួមមាន៖ អង្ករសរុបចំនួន ៥.២តោន (ក្នុង១គ្រួសារ ២៥គីឡូ), ទឹកសុទ្ធ សរុបចំនួន ២០៨កេស (ក្នុង១គ្រួសារ ១កេស), មី សរុបចំនួន ២០៨កេស (ក្នុង១គ្រួសារ ១កេស), ទឹកត្រី សរុបចំនួន ២០៨យួរ (ក្នុង១គ្រួសារ ១យួរ), ទឹកស៊ីអ៊ីវ សរុបចំនួន ២០៨យួរ (ក្នុង១គ្រួសារ ១យួរ), ព្រមទាំងថវិកា ១០ម៉ឺនរៀល ក្នុង ១ គ្រួសារ។

ឯកឧត្តមបានលើកឡើងផងដែរថាប្រជាពលរដ្ឋស្រុកគិរីវង់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់តែងតែរួបរួមគ្នាជាមូលដ្ឋានដ៏រឹងមាំ តាំងពីសម័យកាលសម្ដេចវិបុលបញ្ញា សុខ អាន នៅមានជន្មាយុ រហូតមកដល់បច្ចុប្បន្នក៏នៅតែបន្តរួមសាមគ្គីគ្នាជាកម្លាំងចលករដ៏សកម្មគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កន្លងមកប្រជាពលរដ្ឋស្រុកគិរីវង់ រដ្ឋបាលស្រុក និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ បានសាមគ្គីស្រុះគ្នាចូលរួមសកម្មភាពកៀគរអំណោយ និងថវិកាសប្បុរសធម៌ជាច្រើនសម្រាប់ជួយជាសមរភូមិជួរក្រោយគាំទ្រសមរភូមិជួរមុខ និងមើលថែរក្សាជួយយកអាសារប្រជាពលរដ្ឋភៀសសឹក គ្រួសាររបស់វីរកងទ័ពដែលបានពលីនិងរងរបួស និងវីរកងទ័ពដែលបានពលីផងដែរ។

ស្ថិតក្នុងគ្រាដ៏លំបាកនេះ ឯកឧត្តមបានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា យើងទាំងអស់គ្នាសូមគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូនសម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមសូមសម្ដែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូនចំពោះវីរកងទ័ពគ្រប់ៗរូបដែលបានឈរជើងយ៉ាងរឹងមាំនៅតាមបន្ទាត់ព្រំដែន ប្រយុទ្ធតតាំងយ៉ាងស្វាហាប់ អង់អាចក្លាហាន និងតស៊ូមោះមុតប្រឆាំងនឹងសត្រូវឈ្លានពាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សុវត្ថិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងកាលៈទេសៈនេះយើងត្រូវបន្តរួមគ្នាជាធ្លុងមួយ រក្សាឱ្យបាននូវឯកភាពជាតិ សាមគ្គីភាព ជាកម្លាំងតែមួយ ទាំងរដ្ឋាភិបាល កងទ័ព និងទាំងប្រជាជន ក្នុងស្មារតី និងការប្ដេជ្ញាចិត្តឱ្យបានមោះមុត និងក្លាហាន ខិតខំប្រឹងប្រែង ចេះចែករំលែក និងលះបង់ឱ្យគ្នា ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក ដើម្បីបុព្វហេតុជាតិនិងប្រជាជន និងត្រូវជឿជាក់លើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែម ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់គ្រប់ឃុំទាំងអស់ និងអាជ្ញាធរមូលដ្ឋាននឹងបន្តសកម្មភាព រួបរួមសាមគ្គីគ្នាឱ្យរឹងមាំនិងយកចិត្តទុកដាក់ បន្តចុះជួបសួរសុខទុក្ខដល់គ្រួសារវីរកងទ័ពជួរមុខ និងវីរកងទ័ពកំពុងសម្រាកព្យាបាលដែលមានលំនៅដ្ឋានក្នុងស្រុកគិរីវង់ជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋភៀសសឹកដែលបានមកស្នាក់ក្នុងមូលដ្ឋានខេត្តតាកែវ មានចំនួនប្រមាណ ១៥ ០០០នាក់ ក្នុងនោះបានស្នាក់ក្នុងស្រុកគិរីវង់ ចំនួន ១ ៩៣២នាក់ សរុប៥៩០គ្រួសារ។ ប្រជាពលរដ្ឋភៀសសឹកបានមកស្នាក់ក្នុងមូលដ្ឋានស្រុកគិរីវង់ បានវិលត្រឡប់ទៅលំនៅឋានវិញចំនួន ១ ២៩៤នាក់ សរុប ៣៨២គ្រួសារ និងកំពុងបន្តស្នាក់ចំនួន ៦៣៨នាក់ សរុប ២០៨គ្រួសារ៕