សម្តេចនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបាត់ចំណូល ៥០លានដុល្លារក្នុង១ខែ ដោយសារបញ្ចុះអត្រាពន្ធ និងអាករ ដើម្បីដោះស្រាយបញ្ហាកើនថ្លៃប្រេង​ ខណៈ EDC ចេញខាត ៣៥លានដុល្លារ ធានាមិនឡើងថ្លៃអគ្គិសនី


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះបានថ្លែងថា ដើម្បីសម្រាលបន្ទុកចំណាយ ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើវិបត្តិនៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដោយធ្វើការបញ្ចុៈអត្រាពន្ធ និងអាករលើប្រេងឥន្ធន ឧបករណ៍អគ្គិសនី យានយន្តអគ្គិសនីជាដើម ដោយការអន្តរាគមន៍នេះ ធ្វើឱ្យរាជរដ្ឋាភិបាលបាត់ចំណូល ៥០លានដុល្លារក្នុងមួយខែៗ។

បន្ថែមពីនេះ អគ្គិសនីកម្ពុជា ដែលជាសហគ្រាសរបស់រដ្ឋ បានចេញខាតប្រាក់ចំនួន ៣៥លានដុល្លារហើយ ដើម្បីធានាមិនដំឡើងថ្លៃអគ្គិសនីចំពោះប្រជាពលរដ្ឋ ក្នុងគ្រាមានវិបត្តិថាមពលនេះ។

ការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ នៅស្រុកបូរីជលសា នាព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «រឿងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារការកើនឡើងតម្លៃប្រេង រាជរដ្ឋាភិបាលមិនដែលមិនបានគិត មិនដែលមិនបានធ្វើទេ ក្រសួងសេដ្ឋកិច្ចបានដាក់វិធានការដោយស្ងៀមស្ងាត់ តាមរយៈការឧបត្ថម្ភធន តាំងពីជំហ៊ានដំបូង។ បន្ទាប់មកយើងចាប់ផ្តើមបញ្ចុះអត្រាពន្ធប្រេងនាំចូល អាករពិសេសលើសម្ភារៈអគ្គសិនី យានយន្តអគ្គិសនីចុះមកសូន្យ។ ក្នុងដំណាក់កាលដ៏លំបាកនេះ មកដល់ពេលនេះ ក្នុង១ខែរដ្ឋត្រូវថយចំណូល ៥០លានដុល្លារ តាមរយៈការបន្ថយអាករពិសេស និងពន្ធ។ បន្ថែមលើនេះ អគ្គិសនីកម្ពុជា ដើម្បីធានាមិនដំឡើងថ្លៃអគ្គិសនី បានចេញខាតប្រាក់ ៣៥លានដុល្លារហើយ»

សូមជម្រាបថា ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈ រដ្ឋាភិបាល់បានធ្វើអន្តរាគមន៍ដូចជា៖

១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ

២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល

៣. ពន្ធគយ ០ (សូន្យ) ដុល្លារ

៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹងប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង១០% សម្រាប់ប្រេងម៉ាស៊ូត។

បន្ថែមពីនេះនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួនដូចខាងក្រោម៖

១- បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ
២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ
៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ
៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ
៥- បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ។

សូមជម្រាបថា ការបញ្ចុះអត្រាពន្ធគយ ​និង​អត្រាអាករនាំចេញ​ លើមុខ​ទំនិញទាំងអស់នេះ គឺរាជរដ្ឋាភិបាលធ្វើ ដើម្បីសម្រាលបន្ទុកចំណាយរស់ប្រជាពលរដ្ឋ ខណៈស្ថានភាពនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងហ្គាសកើនឡើងខ្ពស់៕