ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបជាមួយ លោក សនសៃ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាពីការពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ កិច្ចសហប្រតិបត្តិការធាតុចូលកសិកម្មផ្តោតសំខាន់លេីជីប៉ូតាស ការជំរុញកសិ-ពាណិជ្ជកម្មទ្វេភាគីតាមរយៈការដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវទៅកាន់ទីផ្សារប្រទេសចិន និងជំរុញពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដេីម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕










