ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវដែលបានតែងតាំងថ្មី ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហការក្នុងវិស័យកសិកម្ម


ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបជាមួយ លោក សនសៃ​ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាជំនួបនេះ ភាគីទាំងពីរ​ បានពិភាក្សាពីការពង្រឹងនិងពង្រីកនូវទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ កិច្ចសហប្រតិបត្តិការធាតុចូលកសិកម្ម​ផ្តោតសំខាន់លេីជីប៉ូតាស​ ការជំរុញកសិ-ពាណិជ្ជកម្ម​ទ្វេភាគីតាមរយៈការដឹកជញ្ជូន​ឆ្លងកាត់ប្រទេសឡាវ​ទៅកាន់ទីផ្សារប្រទេសចិន​ និងជំរុញពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និងវិនិយោគ ដេីម្បីផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕