រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៩ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
បន្ទាប់ពីលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារ សម្រេចបានរបស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១ឆ្នាំរួចមក, លោក ញ៉ែម សំអឿន បានចាត់ទុកវេទិកា នៃការជួបជុំគ្នានាឱកាសនេះ បានបង្ហាញនូវជំហរឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនមានការរើសអើង ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងកលល្បិចដ៏ពិសពុលរបស់ជនល្មើស គួបផ្សំនឹងការឆបោកតាមបច្ចេកវិទ្យា (Online Scams) ដ៏ទំនើបដែលអូសទាញ មនុស្សឲ្យធ្លាក់ក្នុងភាពរងគ្រោះយ៉ាងធ្ងន់ធ្ងរ។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដោយស្មោះចំពោះស្មារតីរួម សាមគ្គី សហការគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់របស់លោក លោកស្រីជាថ្នាក់ដឹកនាំគ្រប់មន្ទីរ/អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមសហការ ជាមួយលេខាធិការដ្ឋានខេត្ត (គ.ខ.ប.ជ) នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានធ្វើឲ្យសម្រេចនូវលទ្ធផលតាមការរំពឹងទុក។
ឯកឧត្តម ញ៉ែម សំអឿន បានអំពាវនាវឲ្យថ្នាក់ដឹកនាំគ្រប់មន្ទីរ/អង្គភាព កងកម្លាំងគ្រប់កងឯកភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សូមបន្តរៀបចំការផ្សព្វព្វផ្សាយតាមគ្រប់រូបភាពផ្សេងៗ នូវសារដ៏មានសារៈសំខាន់ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ក្រោមប្រធានបទ «យើង រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ជាការដាស់តឿនដល់ពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានឲ្យបានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ការរំលោភបំពានលើស្ត្រី និងកុមារ អំពើជួញដូរមនុស្ស គ្រឿងញៀន គ្រឿងស្រវឹងគ្រប់ប្រភេទ ដែលប្រឈមដល់ការដាក់ទោសទណ្ឌតាមច្បាប់ជាធរមាន។
ឯកឧត្តមបានបន្ដថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមសហការរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេត និងបង្ក្រាបឲ្យបានទាន់ពេល ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ត្រូវចៀសវាង កុំចូលរួម កុំគាំទ្រ កុំប្រព្រឹត្ត និងកុំទទួលផលពីអំពើទុច្ចរិត។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក ត្រូវបន្តការខិតខំតាមដាន ព្រមទាំងបង្កើននូវការទទួលខុសត្រូវខ្ពស់ ដោយយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ គ្រប់គ្រងនៅតាមព្រំដែន ជាពិសេសលំហូរឆ្លងកាត់ព្រំដែនគ្រប់ទីតាំងឲ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឲ្យកើតមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយមន្ទីរអង្គភាព ដៃគូពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយផលប៉ះពាល់នៃការ ធ្វើទេសន្តរប្រវេសន៍ ជាពិសេសស្ត្រី និងកុមារ នៅពេលវិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្នុងអំឡុងពេលមានវិបត្តិជម្លោះព្រំដែន និងមានវិធានការណ៍ ក៏ដូចជាអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួង គឺមិនរើសអើងជាតិសាសន៍ដូចប្រទេសថៃ។
មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយមន្ទីរ អង្គភាព ដៃគូពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំ ផ្សព្វផ្សាយដល់យុវជនតាមបណ្តាគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ព្រមទាំងអប់រំឲ្យកុមារ យុវជន យុវនារីទាំងអស់បានយល់ដឹង និងត្រៀមការពារខ្លួនផងដែរ។ គ្រប់មន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាលើកកម្ពស់ការបង្កើតការងារ និងមុខរបរក្នុងស្រុក ដើម្បីលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ទាំងប្រថុយប្រថាន និងមិនមានឯកសារត្រឹមត្រូវ ឬស្របច្បាប់៕












