សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចែកកូនឈើ ១៦.០០០ដើម ជូនដល់ក្រុង-ស្រុកទាំង ៨ ទូទាំងខេត្តស្វាយរៀង ដើម្បីយកទៅដាំបន្ត ក្នុងគោលដៅបង្កើនគម្របបៃតងក្នុងខេត្តស្វាយរៀង និងចូលរួមចំណែកលើកស្ទួយនូវវប្បធម៌ដ៏ប្រសើរ ដែលជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិឡើងវិញ។
ពិធីដាំកូនឈើនេះបានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ បង្កើនគម្របបៃតង លើកកម្ពស់បរិស្ថាន និងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសប្រកបដោយចីរភាព» «រួមចំណែកកាត់បន្ថយធូលី ផ្សែង និងកម្ដៅនៅក្នុងតំបន់ឧស្សាហកម្ម បង្កើតបរិកាសការងារ និងបរិស្ថានល្អ» និងមានការចូលរួមពីតំណាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៅកម្ពុជា, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក ស៊ីញ ប៉ាវគ័រ អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឈីលូ រួមទាំងមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានជាច្រើននាក់។
យោងតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា បានបញ្ជាក់ឱ្យដឹងថា សកម្មភាពដាំកូនឈើនេះ គឺជាការបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាទាំងផ្នែករដ្ឋ និងវិស័យឯកជន ក្នុងការផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម និងការវិនិយោគជាមួយនឹងការការពារបរិស្ថាន។ យើងមិនអាចជ្រើសរើសរវាងសេដ្ឋកិច្ច និងបរិស្ថាននោះទេ ប៉ុន្តែត្រូវធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនដោយមិនប៉ះពាល់បរិស្ថាន នឹងធ្វើឲ្យការវិនិយោគក្លាយជាការជំរុញការអភិវឌ្ឍប្រកបដោយសក្តានុពល។
ឯកឧត្តម ប៉េង ពោធិ៍សា ក៏បានបញ្ជាក់ពីការលើកទឹកចិត្តឱ្យតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅខេត្តស្វាយរៀង រួមគ្នាដាំកូនឈើដើម្បីបង្កើនជម្រកបៃតង ដើម្បីលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកបដោយចីរភាព និងបានប្រកាសផ្តល់ជូនកូនឈើជូនដល់តំបន់សេដ្ឋកិច្ចពិសេសទាំងអស់ទូទាំងខេត្តស្វាយរៀង ដែលត្រូវការកូនឈើយកទៅបន្តដាំផងដែរ។
ថ្លែងនាឱកាសនោះដែរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអរគុណដល់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់កូនឈើសម្រាប់ការដាំដុះក្នុងថ្ងៃនេះ និងថ្លែងអរគុណលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៅកម្ពុជា ដែលបានជួយសម្របសម្រួលជាមួយលោក ស៊ីញ ប៉ាវគ័រ អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងបានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជកាទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរៀបចំពិធីដាំកូនឈើនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ដែរថា ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និងក្លាយជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនោះផងដែរការដាំដើមឈើ បានក្លាយយជាការបំផុសចលនាមួយ ដើម្បីបង្កើនគម្របបៃតងក្នុងខេត្តស្វាយរៀង និងបានចូលរួមចំណែកលើកស្ទួយ នូវវប្បធម៌ដ៏ប្រសើរ ដែលជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកបដោយចីរភាព៕


































