រាជធានីភ្នំពេញ៖ កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្ដីពី “លទ្ធភាពនៃការអនុវត្តកម្មវិធីផ្ដល់ស្បៀងអាហារនៅតាមសាលាបឋមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា” ដើម្បីផ្សព្វផ្សាយពីលទ្ធផលនៃការស្រាវជ្រាវកម្មវិធីនេះ និងដើម្បីផ្ដល់ដល់ភាគីពាក់ព័ន្ធ ប្រើប្រាស់នូវលទ្ធផលនៃការស្រាវជ្រាវជាមូលដ្ឋាន និងភស្តុតាងសម្រាប់រៀបចំផែនការសកម្មភាព ឯកសារគតិយុត្តិ រៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ ព្រមទាំងរៀបចំគោលនយោបាយពាក់ព័ន្ធនឹងអាហារតាមសាលារៀននៅពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅភោជនីយដ្ឋានទន្លេបាសាក់២។ តាមរយៈកម្មវិធីនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡាចំពោះកុមារថ្នាក់បឋមសិក្សា ដើម្បីអាចអោយពួកគេទទួលបានអាហារគ្រប់គ្រាន់ មានកាយសម្បទាល្អ ក្លាយជាសសរទ្រូងរឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត៕