ថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ រួមជាមួយអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះត្រួតពិនិត្យការអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដែលកំពុងខ្វះខាតទឹក នៅក្នុងឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្រុមការងារមន្ទីរ បាននឹងកំពុងបូមទឹកសង្រ្គោះស្រូវបានចំនួន ១៥៥ ហិកតា នៅទីតាំងនេះ ។ តាមការបញ្ជាក់របស់លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា មកទល់បច្ចុប្បន្នប្រជាកសិករ បានអនុវត្តការផលិតស្រូវវស្សាបានចំនួន ៩៧.៤៩១ ហិកតា លើសផែនការដែលបានដាក់ចុះត្រឹមតែចំនួន ៨៦.៥៤០ ហិកតា នៅឆ្នាំ ២០១៨ នេះ។
ដើម្បីឲ្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវទទួលបានជោគជ័យជូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឲ្យមន្ទីរជំនាញ និងអាជ្ញាធរដែនដីធ្វើការសហការ និងផ្តល់ព័ត៌មានបានទាន់ពេលវេលា និងជាពិសេសឯកឧត្តមស្នើឲ្យមានវិធានការយ៉ាងម៉ឺងម៉ាត់ ត្រៀមបង្ការរក្សាប្រភពទឹកសម្រាប់រដូវប្រាំងខាងមុខ ព្រោះថារបាយទឹកភ្លៀងអាចនឹងមានភាពខ្សត់ខ្សោយនៅឆ្នាំបន្ទាប់ទៀត ៕