មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ បើអ្នកញៀនគ្រឿងញៀន មកទទួលការព្យាបាលជាមួយគ្រូពេទ្យ២០ដងក្នុងមួយឆ្នាំ និងអនុវត្តតាមមិនអាក់ខាន នឹងអាចបន្សាបភាពញៀនបាន


អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ថា បើអ្នកញៀនគ្រឿងញៀន គាត់មកទទួលការពិនិត្យព្យាបាលជាមួយគ្រូពេទ្យ បាន២០ដង និងអនុវត្តតាមការអប់រំព្យាបាលមិនមានអាក់ខានសោះក្នុងមួយឆ្នាំនោះ​ គាត់នឹងអាចសាបញៀនបានហើយ។

ការថ្លែងបែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត បានធ្វើឡើង ក្នុងឱកាសចុះត្រួតពិនិត្យតង់ផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍» ដែលសហការជាមួយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងចំនួន៣ថ្ងៃ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក នៅទីតាំងវត្តភ្នំ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងឱកាសប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតព្រះទីប សំពះព្រះខែ និងអកអំបុក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន។

លោកស្រីវេជ្ជបណ្ឌិត ថ្លែងថា ការព្យាបាលអ្នកញៀនគ្រឿងញៀនមានភាពស្មុគ្រស្មាញ ដែលទាមទារឱ្យមានការចូលរួមពហុវិស័យ ដោយហេតុផលនេះហើយ បានជាក្នុងឱកាសនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសុខាភិបាល ស្ថាប័នអនុវត្តច្បាប់ និងអង្គការមិនមែនរដ្ឋាភិបាល មានកិច្ចខិតខំរួមគ្នា និងសហការគ្នាយ៉ាងជិតស្និទ ដើម្បីបង្ហាញពីភាពជាដៃគូ និងកិច្ចសហការចាំបាច់ដែលមិនអាចខ្វះបានក្នុងការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍។

ជាងនេះទៅទៀត លោកស្រីវេជ្ជបណ្ឌិត ថ្លែងទៀតថា «យើងចង់បញ្ជូនសារដល់សាធារណៈជន ដើម្បីការយល់ដឹងផងដែរថា គ្រួសារនិងសហគមន៍ក៏មានតួនាទីយ៉ាងសំខាន់ ហើយការប្តេជ្ញាចិត្ត និងការគាំទ្រពីគ្រួសារ និងសហគមន៍គឺជាគន្លឹះ ក្នុងការរក្សាអ្នកជំងឺឱ្យឋិតនៅក្នុងការព្យាបាល, ការធានាឱ្យការព្យាបាលមានប្រសិទ្ធភាព និងការបង្កាការលាប់ទៅប្រើប្រាស់គ្រឿងញៀនឡើងវិញ។

អគ្គនាយកបច្ចេកទេសសុខាភិបាល បញ្ជាក់ផងដែរថា «សម្រាប់អ្នកញៀនគ្រឿងញៀន ចង់បន្សាបនោះ គាត់ត្រូវមកទទួលការព្យាបាលជាមួយគ្រូពេទ្យ២០ដងក្នុងមួយឆ្នាំ និងអនុវត្តតាមមិនអាក់ខាន នឹងអាចបន្សាបភាពញៀននោះបានហើយ ។ពិសេស រាល់ការពិនិត្យ ព្យាបាលនេះ គឺដោយឥតគិតថ្លៃ ដោយរាល់ការចំណាយជាបន្ទុករបស់រដ្ឋ ដែលបានចែងក្នុងមាត្រា ទី១០០ ស្ដីពី គ្រឿងញៀន»

លោកស្រីវេជ្ជបណ្ឌិត ថ្លែងបន្ដថា «តែបើមកទទួលការព្យាបាលមិនគ្រប់ចំនួន ទៅតាមការណែនាំរបស់លោកគ្រូពេទ្យនោះ នឹងមិនអាចជានោះទេ ចឹងចង់មិនចង់ បើគាត់មិនព្រមមកពិនិត្យ ថ្ងៃណាមួយគាត់នឹងចូលទៅក្នុងបទឧក្រិដ្ឋ ព្រោះគ្រឿងញៀននេះ គឺជាបញ្ហាមួយ ដែលពាក់ព័ន្ធទៅនឹងបញ្ហាខួរក្បាល និងផ្លូវចិត្ដ ដូចនេះពេលគាត់ញៀនហើយ គឺគាត់នឹងលែងដឹងខុសត្រូវហើយ រហូតទៅដល់ហ៊ានលើកដៃវាយសម្លាប់ម្ដាយឪពុក និងគ្រួសាររបស់ខ្លួន ដើម្បីទាររកលុយ ទិញគ្រឿងញៀននោះមកប្រើប្រាស់បន្ដ»

នេះជាសោដនាកម្មមួយ ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ក្រុមគ្រួសាររបស់គាត់, ហេតុនេះ ក្រុមគ្រួសារទាំងអស់ សូមមេត្ដាកុំរើសអើង កុំអស់សង្ឃឹម ត្រូវតែមានការជឿជាក់ ហើយជំរុញកូនចៅរបស់ខ្លួន មកទទួលសេវាពិនិត្យនៅតាមមណ្ឌលសុខភាពដែលបានពង្រីកទូទាំងប្រទេស។

លោកស្រី១០ខែដើមឆ្នាំ២០១៨នេះ អ្នកញៀនគ្រឿងញៀន បានមកទទួលសេវាព្យាលជាង៣,០០០នាក់ហើយ បើធៀបជាមួយឆ្នាំកន្លងទៅនេះ មានប្រហែលជា១,០០០នាក់តែប៉ុណ្ណោះ ដែលនេះបានបង្ហាញឲ្យឃើញថា អ្នកមកទទួលសេវាព្យាបាល ដើម្បីបន្សាបគ្រឿងញៀន មានការកើនឡើងរហូតដល់ទៅ១២០%។

ប៉ុន្ដែតួលេខនេះ មិនទាន់សមស្របទៅនឹងអ្នកប្រើប្រាស់គ្រឿនញៀននៅឡើយទេ ដែលអ្នកញៀនគ្រឿងញៀនទូទាំងប្រទេស មានរហូតដល់ទៅ១៣,០០០នាក់។ ដូច្នេះហើយ តាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក៏បានដាក់ចេញបន្ថែមទៀត គឺការបញ្ជូនអ្នកញៀនគ្រឿងញៀន មកទទួលសេវាពិនិត្យព្យាបាលដោយស្ម័គ្រចិត្ដដោយផ្អែកលើសហគមន៍នេះ នៅតាមមណ្ឌលសុខភាពរបស់យើង។

លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា «យើងបានរៀបចំចាត់ចែងរៀបចំឲ្យមានគណៈកម្មការនៅតាមសហគមន៍ នៅតាមឃុំនីមួយៗ ដោយមានទាំងប្រធានភូមិ ប្រធានមណ្ឌលសុខភាព មានទាំងកិច្ចការនារី អាចារ្យ ប៉ូលីស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្វែងរកអ្នកញៀនគ្រឿងញៀនពិតប្រាកដនៅតាមភូមិឃុំ»

សូមជម្រាបថា មូលដ្ឋានផ្ដល់សេវាព្យាបាល ស្ដារនីតិសម្បទាន និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ធ្វើឡើងតាមតាមរយៈ មូលដ្ឋាន សេវា ២ប្រភេទ គឺ៖
១៖ មូលដ្ឋានសេវាសុខាភិបាល ដែលគ្រប់គ្រង ផ្ទាល់ដោយក្រសួងសុខាភិបាល រួមមាន សេវាចំនួន៤៣០កន្លែង ក្នុងនោះ មន្ទីរពេទ្យជាតិ មាន២កន្លែង មន្ទីរពេទ្យខេត្ដមាន ២៤កន្លែងមន្ទីរបង្អែកមាន ៧២កន្លែង និងមណ្ឌលសុខភាពមាន ៣៣២កន្លែង

២៖ មណ្ឌលបណ្ដោះអាសន្ន រួមមាន ១៦កន្លែងដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បាទា ស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នងការនគរបាលជាតិ គណៈអភិបាលរាជធានី-ខេត្ដ អង្គការក្រៅរដ្ឋាភិបាល និងដៃគូឯកជន៕