ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលដំណើរការជាង៦០ឆ្នាំ មានមហិច្ឆតាចង់វិនិយោគលើផលិតកម្មស្រូវ និងកប្បាសនៅកម្ពុជា​


(ជាំងស៊ូ-ចិន)៖ ​ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អមដំណើរដោយសហការី បាន​ទៅពិនិត្យសួនឧស្សាហកម្ម Jiangsu Lianfa Textile ស្ថិតនៅក្រុងណានតុង ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលសាងសង់លើផ្ទៃដីជាង​១០០ហិចតា ក្នុងនោះចែកចេញជាតំបន់ផលិត ដូចជា ការកែច្នៃកប្បាសជាអំបោះ ត្បាញក្រណាត់ ជ្រលក់ពណ៌ មន្ទីរពិសោធន៍គុណភាព កាត់ដេរសំលៀកបំពាក់ តំបន់រដ្ឋបាល អគារស្នាក់នៅ និងតំបន់លំហែរកាយ​ ដែលមាន​បុគ្គលិក​ជាង​១ម៉ឺននាក់ ហើយមក​បច្ចុប្បន្នក្រុមហ៊ុនមានអាយុជាង​៦០ឆ្នាំ និងមានរោងចក្រ នៅទូទាំងពិភពលោកចំនួន​១២ ក្នុងចំណោមនោះ មាន​២​ដែលកំពុងដំណើរការនៅកម្ពុជា គឺរោងចក្រ Jincheng Garment Factory និង​ Hengyu Garment Factory។

តាមការរាយការណ៍របស់លោក Kong Xiang Jun ប្រធានក្រុមហ៊ុន បានឲ្យដឹងថា ត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨នេះ ក្រុមហ៊ុនរបស់លោក បានសម្រេចការលក់សំលៀកបំពាក់ ទៅកាន់ទីផ្សារពិភពលោកបានជាង​៧៥០លានដុល្លារសហរដ្ឋអាមេរិច ដែលនេះត្រូវការវត្ថុធាតុដើមកប្បាសជាង​៥ម៉ឺនតោនសម្រាប់យកមកកែច្នៃ។​

លោកប្រធានក្រុមហ៊ុន ក៏បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ដ្រីថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក មិនត្រឹមតែធ្វើការវិនិយោគលើវិស័យឧស្សាហកម្មកែឆ្នៃអំបោះ កាត់ដេរ ប៉ុន្តែក៏មានវិស័យកសិកម្ម និងពាណិជ្ជកម្មក៏បាននិងកំពុងដំណើរផងដែរ។ ដោយក្នុងនោះ ចំពោះវិស័យកសិកម្ម ក្រុមហ៊ុនបាននិងកំពុងធ្វើការវិនិយោគ លើផលិតកម្មដំណាំស្រូវ ការកែច្នៃ និងការធ្វើអាជីវកម្មស្រូវ អង្ករ។ ទន្ទឹមនឹងនោះ ដើម្បីបំពេញខ្សែចង្វាក់ផលិតកម្មឲ្យបានពេញលេញ និងអស់លទ្ធភាព ក្រុមហ៊ុនក៏បានធ្វើការចិញ្ចឹមត្រី និងមាន់ ដែលទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

ដោយសង្គេតឃើញថា ​កម្ពុជាមានធនធានធម្មជាតិយ៉ាងល្អប្រពៃ និងមានសក្តានុពលខ្ពស់ក្នុងការធ្វើកសិកម្ម ក្រុមហ៊ុនរបស់លោក បាននិងកំពុងសហការជាមួយវិទ្យាស្ថានធំៗមួយចំនួន នៅប្រទេសចិន ដែលមានជំនាញ និងបច្ចេកវិទ្យាខ្ពស់ក្នុងការសិក្សា ស្រាវជ្រាវ និងផលិតពូជស្រូវ និងពូជកប្បាសដែលមានទាំងគុណភាព ទិន្នផលខ្ពស់សមស្របទៅស្ថានភាពដី និងអាកាសធាតុមកសាកល្បងដាំនៅកម្ពុជា សម្រាប់នាំចេញនៅថ្ងៃអនាគត។​

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាអនេក និងវាយតម្លៃខ្ពស់ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដែលគណ​ប្រតិភូកម្ពុជា ទទួលបាននាពេលនេះ និងជាពិសេសចំពោះឆន្ទៈរបស់ក្រុមហ៊ុន ដែលមានបំណងវិនិយោគលើផលិតកម្មស្រូវ និងកប្បាស នៅកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កន្លងមកកម្ពុជាផលិតស្បៀង សម្រាប់តែផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាមានលទ្ធភាពផលិត និងនាំចេញ។​

ចំពោះអនុស្សរណៈយោគយល់គ្នាដែលភាគីទាំងពីរបានចុះហត្ថលេខា គឺជាជំហានចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន ដែលពិតជាមានសារ:សំខាន់ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើន សម្រាប់កសិករកម្ពុជា តាមរយ:ការបង្កើតការងារ​ទទួលបានបច្ចេកវិទ្យាថ្មី ពិសេសបង្កើនប្រាក់ចំណូល ប្រកបដោយនិរន្តរភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ គម្រោងនេះ នឹងចូលរួមចំណែកសម្រេចបានចក្ខុវិស័យ ក្នុងការប្រែ​ក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។ ឈរលើស្មារតីឈ្នះ ឈ្នះ ឯកឧត្តមរដ្ឋមន្រ្តីបានសន្យាថា ក្រសួងកសិកម្ម តាមរយៈអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មពាក់ព័ន្ធនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាដើម្បីឲ្យគម្រោងនេះ សម្រេចបានជោគជ័យ តាមការគ្រោងទុក។

​នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញពិនិត្យសួនឧស្សាហកម្ម Jaingsu Lianfa Textile រួចមកឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរទៅ ពិនិត្យខ្សែចង្វាក់ ផលិតកម្មស្រូវ ផលិតកម្មផលិតចំណីមាន់ និងការចិញ្ចឹមមាន់យកស៊ុត ដែលជាវិស័យមួយក្នុងចំណោមវិស័យ​៣សំខាន់ គឺឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម របស់ក្រុមហ៊ុនដែលបាននិងកំពុងដំណើរការវិនិយោគ និងអភិវឌ្ឍទទួលបានជោគជ័យយ៉ាងល្អប្រសើរ ហើយដែលក្រុមហ៊ុន មានបំណងនាំយក និងផ្ទេរបច្ចេកវិទ្យាទាំងអស់នេះ ទៅដល់ដៃប្រជាកសិករកម្ពុជា តាមរយៈការវិនិយោគលើខ្សែចង្វាក់ផលិតកម្មស្រូវ និងមាន់ដោយចាប់ផ្តើមពីការដាំដុះ រហូលដល់ផលិតផលសម្រេច​ពី A ដល់Z។

លោកនាយកក្រុមហ៊ុន បានជម្រាបជូនថា រោងចក្រផលិតកម្មស្រូវរបស់គាត់សាងសង់លើផ្ទៃដី ជាង​១០ហិចតា ហើយ​ស្ថិតនៅជិតដងទន្លេ​។ ទន្ទឹមនឹងនេះ ក្នុងគោលបំណង ជួយរួមចំណែកដល់ការដឹកជញ្ជូនផលស្រូវសើម របស់សហគមន៍កសិកម្ម ក្រោយការប្រមូលផលមកកាន់ឃ្លាំងសម្ងួត បានទាន់ពេលវេលា និងក្នុងតម្លៃថោក រដ្ឋាភិបាលចិន បានជួយជីកព្រែកសប្បនិមិត្តមួយ ពីដៃទន្លេតភ្ជាប់នឹងរោងចក្រ​។

លើសពីនេះទៅទៀត ដោយមានការឧបត្ថម្ភទុនពីរដ្ឋាភិបាល ជារៀងរាល់ឆ្នាំប្រមាណ​មួយលានប្រាំសែនដុល្លារ ក្នុងការជួយធានាតម្លៃកសិផល និងពង្រីក មធ្យោបាយផលិតកម្ម រោងម៉ាស៊ីនស្រូវនេះ គឺមានលទ្ធភាពកិនស្រូវបានប្រមាណជា​១,៦០០តោនក្នុងមួយថ្ងៃ ស្តុកស្រូវបាន​៣៩ម៉ឺនតោន និងអាចផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុកបានជាង​២០ម៉ឺនតោនក្នុង១ឆ្នាំផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានលទ្ធភាពធ្វើកិច្ចសន្យា ជាមួយសហគមន៍កសិកម្មមួយឆ្នាំៗ លើផ្ទៃដីដាំដំណាំស្រូវប្រមាណ​២ម៉ឺនហិចតា។

ដោយឡែក សម្រាប់កសិដ្ឋានចិញ្ចឹមមាន់សាច់ រោងចក្រកែច្នៃស៊ុតមាន់ និងចំណីមាន់ដែលបំពាក់ដោយឧបករណ៍ និងបច្ចេកទេសស្វ័យប្រវត្តិក្នុងការផលិត និងកែច្នៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះខ្សែចង្វាក់ផលិតកម្ម ដែលបានប្រើប្រាស់បច្ចេកទេសទំនើប ធានាបាននូវស្តង់ដារ គុណភាព និងសុវត្ថិភាព តាមតម្រូវចិត្ត និងតម្រូវការទីផ្សារ បង្កើនតម្លៃបន្ថែម និងប្រាក់ចំណូល ដោយអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយកសិករ ដែលខ្សែចង្វាក់ ផលិតកម្មនេះ គឺពិតជាឆ្លើយតបតាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចង់បាន និងចង់ឃើញវិស័យឯកជននៅកម្ពុជាយកទៅអនុវត្ត៕