ឯកឧត្តម ផៃ ស៊ីផានបានលើកឡើងថា ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ទូទៅនៅក្នុងប្រទេសកម្ពុជា គឺជាការឈឺចាប់យ៉ាងខ្លាំងរបស់ក្រុមដែលលក់ខ្លួនបម្រើឲ្យនយោបាយបរទេស


(ភ្នំពេញ)៖ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ឯកឧត្តម ផៃ ស៊ីផាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងមហាជនទូទៅនៅក្នុងប្រទេសកម្ពុជា គឺជាការឈឺចាប់យ៉ាងខ្លាំងរបស់ក្រុមដែលលក់ខ្លួនបម្រើឲ្យនយោបាយបរទេស ឬក្រុមបរទេសដែលមានបំណងចង់បំផ្លាញ និងចង់ធ្វើបាបកម្ពុជា។

ការអះអាងរបស់ឯកឧត្តម ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់ពីកម្ពុជា ទើបតែបានបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា​ដោយរលូត ជាមួយបរិយាកាសសន្ដិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ខណៈដែល​ភ្ញៀវទេសចរចូលរួមកម្សាន្ដ និងទស្សនា​ប្រមាណ៤.៥លាននាក់។

ក្នុងកិច្ចពិភាក្សាតុមូលនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ដីពីប្រធានបទ «តើកម្ពុជាត្រូវការវត្តមានកងទ័ពបរទេសដែរ ឬទេ?» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា អ្នកនាំពាក្យ ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «ទើបកន្លងទៅបានមួយថ្ងៃទេ បុណ្យដ៏អធិកអធមរបស់យើង​បុណ្យអុំទូក សមត្ថកិច្ច ក៏បានបង្ហាញស្នាដៃរបស់លោក ដែលរក្សាបាន សណ្ដាប់ធ្នាប់ ហើយនឹងសន្ដិភាព​ នេះជាមោទនភាពរបស់យើង ដែលឆ្លើយតបចំពោះក្រុមលក់ខ្លួនឲ្យបរទេស តែងតែមើលកម្ពុជានឹងវាអាក្រក់បំផុត ប៉ុន្ដែយើងរីករាយ សេចក្ដីរីករាយ របស់មហាជនជាការឈឺចាប់របស់ពួកខាងក្រៅ ជាការឈឺចាប់របស់បរទេសដែលចង់ធ្វើបាបកម្ពុជា»

យ៉ាងណាមិញ សម្រាប់ការលើកឡើងរបស់ឯកឧត្តម ផៃ ស៊ីផាន បែបនេះ គេអាចវាយតម្លៃបានថា ហាក់បីដូចជាទះកំផ្លៀងមួយដៃយ៉ាងធ្ងន់ ទៅដល់ក្រុមអ្នកនយោបាយប្រឆាំង ដែលបម្រើបរទេស និងក្រុមបរទេសដែលកំពុងបន្ដោសបង្អាប់កម្ពុជា ថាកំពុងតែរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ កំពុងប្រាសចាកពីលទ្ធិប្រជាធិបតេយ្យ។​

គួរជម្រាបថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាប្រមាណ៤.៥លាននាក់។ នេះបើយោងរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕