ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃអះអាងពីការបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ


បាងកក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦–បេសកជនពិសេសរបស់ទូរទស្សន៍ជាតិបានឱ្យដឹងថា ប្រមុខ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានសន្យាគ្នាថានឹងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឱ្យកាន់តែមានទំហំធំឡើងថែមទៀត តាមរយៈការតភ្ជាប់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែននៃប្រទេសទាំងពីរឱ្យកាន់ តែទូលំទូលាយថែមទៀត សំដៅបង្កើនស្ថិរភាព នៃការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។
ក្នុងជំនួបដែលធ្វើឡើងនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នៅទីក្រុងបាងកក ជាទីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃមានប្រសាសន៍ថា ឯកឧត្តមពិតជាមានការរីករាយដោយបានជួបពិភាក្សាសាជាថ្មីម្តងទៀត ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ថ្វីត្បិតរូបឯកឧត្តម និងសម្តេចតេជោ ធ្លាប់បានជួបគ្នាជាច្រើនលើកច្រើនសារ ក្នុងក្របខ័ណ្ឌអន្តរជាតិ។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា សម្តេចគឺជាមិត្តដ៏ល្អរបស់ប្រទេសនិងប្រជាជនថៃ ហើយ បានចាត់ទុកថាវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនា នៃកិច្ចសហ- ប្រតិបត្តិការអាស៊ីលើកទី២នេះ គឺពិតជាមានសារៈសំខាន់បំផុត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ អបអរសាទរចំពោះជោគជ័យ នៃការធ្វើប្រជាមតិរបស់ប្រទេសថៃ ដែលបានធ្វើឡើងនាកន្លងមក។
សម្តេចតេជោនាយករដ្ឋ មន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់ប្រទេសយើងទាំងពីរបញ្ហានៃការសម្រេច ចិត្តរបស់ប្រជាជន គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថាការធ្វើប្រជាមតិនិងការបោះឆ្នោត គឺផ្តើមចេញ ពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយគ្មាននណាទៅបំភិតបំភ័យ ឬការបង្ខិតបង្ខំនោះឡើយ។
ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នោះដែរសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសមភាគីថៃ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការពង្រឹងនិងពង្រីក ការតភ្ជាប់រវាងប្រជាជននិងប្រជាជន នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានត់ទុកថា នឹងខិតខំបើកច្រកព្រំដែនអន្តរជាតិថ្មីនៃ ប្រទេសទាំងពីរ ឱ្យបានចេញជារូបរាងពិតប្រាកដ ដោយ មិនរង់ចាំ ការបោះបង្គោលព្រំដែន ឬធ្វើឱ្យប៉ះពាល់ដល់ខ្សែបន្ទាត់ព្រំដែន ហើយការបិទឬបើកច្រកព្រំដែនមិនត្រូវធ្វើ  ឡើង ដោយឯកតោភាគី ពោលគឺការធ្វើអ្វីមួយត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាមុន។ ជាមួយគ្នានេះមេដឹកនាំទាំងពីរក៏បានឯកភាព ឱ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ បន្តការពិភាក្សាជាបន្តទៅទៀត បន្ទាប់ពីការអាក់ខានជួបពិភាក្សាគ្នាជាង២ឆ្នាំមកនោះ។ មេដឹកនាំ ទាំងពីរក៏ បានសម្តែងនូវការរីករាយចំពោះ ការតភ្ជាប់ផ្លូវរថភ្លើងនៃប្រទេសទាំងពីរ ដែលគ្រោងនិងប្រារព្ធ ពិធីសម្ពោធនៅដំណាច់ឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយក ចិត្តទុកដាក់ទៅលើបញ្ហាកម្លាំងពលករកម្ពុជាចំនួនជាង២សែន៤ម៉ឺននាក់ ដែលកំពុងបំពេញការងារទាំងស្រប ច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ ដែលក្នុងនោះភាគីកម្ពុជាស្នើឱ្យភាគីថៃសហការជាមួយ កម្ពុជា ក្នុងការផ្តល់លិខិតឆ្លងដែនដល់ពលករទាំងអស់នោះ ដើម្បីឱ្យពួកគេធ្វើការដោយស្របច្បាប់ក្នុង ប្រទេសថៃ។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើតំបន់ត្រួតស៊ីគ្នាក្នុង ដែនសមុទ្រ និងការកសាងនូវ ថាមពលវារីអគ្គិសនីនៅស្ទឹងមេទឹកក្នុងខេត្តកោះកុង ដែលជាគម្រោងដ៏មាន អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។
មេដឹកនាំនៃប្រទេសទាំងពីរក៏បានសម្តែងនូវការរីករាយចំពោះទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំង ពីរកម្ពុជា-ថៃ ដែលតួលេខបានបង្ហាញថា កាលពីឆ្នាំ២០១៤ការនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា មានទំហំ៤ពាន់២៥លានដុល្លារ ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសថៃ មានទំហំ៥៨៩លានដុល្លារ។
ឆ្នាំ២០១៦ការនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា មានទំហំ៤ពាន់៦៨៩លានដុល្លា ឯការនាំចេញពីកម្ពុជាទៅកាន់ ប្រទេសថៃ មានទំហំ៦៣៩លានដុល្លារ។ មេដឹកនាំទាំងពីរបានចាតទុកថា នេះជាទំហំ ពាណិជ្ជកម្ម ជាប់ចំណាត់ថ្នាក់ទី១ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយមេដឹកនាំទាំងពីរ ចាត់ទុកថា ប្រទេសទាំងពីរនៅមាន សក្តានុពលជាច្រើនទៀត ដែលយើងគួរតែ ជំរុញកំណើននៃទំហំ ពាណិជ្ជកម្ម ឱ្យកើនដល់១៥ពាន់លានដុល្លារនៅពេលដ៏ខ្លីខាងមុខ។
នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានពិភាក្សាគ្នាផងដែរ ក្នុងការបើក កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ចម្រុះនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៧ខាងមុខ។ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ថៃ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕