សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការសាងសង់ វិមានឈ្នះ-ឈ្នះ ខណៈថ្ងៃសម្ពោធ ខិតជិតមកដល់


(ភ្នំពេញ)៖ ខណៈថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ នៅសល់តែ៣៥ថ្ងៃនោះ​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្តដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យដំណើរការសាងសង់ វិមានឈ្នះ-ឈ្នះបន្តទៀត។

ការចុះត្រួតពិនិត្យដំណើរការសាងសង់នេះ មានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ អ៉ី​ ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឈុំ សុជាត​ អនុរដ្ឋខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក ប្រធានក្រុមការងារសិក្សា ស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ រួមជាមួយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះយ៉ាងច្រើនផងដែរ។

ការចុះត្រួតពិនិត្យនេះ គឺសម្តេចពិជ័យសេនា តែងតែដឹកនាំក្រុមការងារចុះត្រួតពិនិត្យឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យវិមាន ដែលជានិមិត្តរូបនៃសន្តិភាព ការបង្រួបបង្រួមជាតិខ្មែរ មួយនេះកសាងឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលានៃថ្ងៃប្រារព្ធពិធី តាមការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាប់វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។

វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសាងសង់វិមានឈ្នះ-ឈ្នះ នេះ គឺជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សកន្លងមក។

ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមានជាប្រវត្តិសាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់។

កាលពីថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាធារណៈថា សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅទីតាំងវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះកន្លងមក៕