អភិបាលខេត្តកំពង់ស្ពឺអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង


ខេត្តកំពង់ស្ពឺ ថ្ងៃទី១០ ខែតុលាឆ្នាំ២០១៦–ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយប្រឡាយ មេរលាំងជ្រៃ ឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ព្រោះកម្រិត កម្ពស់ទឹករលាំងជ្រៃបានហក់ឡើងដល់កម្រិតប្រកាសអាសន្ន ហើយបើគិត ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ស្ថានភាពទឹកភ្លៀងកំពុងបន្តធ្លាក់ តាមតំបន់ជួរភ្នំឱរ៉ាល់ ឥតឈប់នោះ បានបង្កឱ្យទឹកនៅតំបន់អូរស្យា ស្ថិតក្នុង ឃុំយា អង្គស្រុកថ្ពង និងទំនប់ចាន់ថ្នាស្ថិតក្នុង ឃុំក្រាំងចេកស្រុក ឧដុង្គ បន្តកើនឡើងហូរធ្លាក់មកស្ទឹងព្រែកត្នោតគួរឱ្យព្រួយបារម្ភ។
បើតាមមន្ត្រីជំនាញធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានឱ្យដឹងថា ភ្លៀងនៅ តែបន្តធ្លាក់នៅជួរភ្នំ ឱរ៉ាល់និងក្នុងខេត្តកំពង់ស្ពឺនោះមិនទាន់ដល់កម្រិតធ្ងន់ធ្ងរទេ។
បច្ចុប្បន្នអ្នកជំនាញធនធានទឹក បានបង្វែរទឹកជំនន់ឱ្យហូរចូលមកកាន់ស្ទឹងព្រែកត្នោតវិញ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីធនធានទឹក បានចាត់ឱ្យមានក្រុមគ្រឿងចក្រ ធុនធ្ងន់ចំនួន០៣ទីតាំង បន្ថែមទៀត។
ដោយទីតាំងទី១ប្រចាំការនៅតំបន់៧មករា(កំពង់ទួល) ទីតាំងទី២ប្រចាំការនៅ អូក្រាំងអំបិល ឃុំត្រពាំងគង និងទីតាំងទី៣ប្រចាំការនៅទំនប់ចាន់ថ្នាលសម្រាប់ ត្រៀមអន្តរាគមន៍ក្នុងករណីចាំបាច់។
អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តីជំនាញធនធានទឹកចុះតាមទ្វារទឹក និងទំនប់ធំៗជាប្រចាំហើយ បានធ្វើការពន្យល់ណែនាំ ឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕

14516406_1150450581735507_570988036934065771_n

14519684_1150456061734959_6983731933335572683_n

14591712_1150456068401625_6380194794364244567_n