(កណ្តាល)៖ ថ្លែងពីលើវេទិកា នៅចំពោះមុខកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មួយរូបតែងតែគិតគូរពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវត្រៀមអនុវត្តន៍ការបើកប្រាក់ឈ្នួល ជូនកម្មករ-កម្មការិនី ១៨២ដុល្លារ នៅឆ្នាំ២០១៩ ហើយត្រូវបើកពីរសប្តាហ៍ម្តង។
ការអំពាវនាវរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗកម្មករ-កម្មការិនី សរុបប្រមាណ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «គ្រប់រោងចក្រទាំងអស់ដែលកំពុងអនុវត្តន៍នូវប្រាក់បៀវត្សរ៍អប្បបរមា១៧០ដុល្លារ ត្រូវត្រៀមលក្ខណៈសម្បតិ្ត ដើម្បីអនុវត្តនូវប្រាក់បៀវត្សរ៍ ១៨២ដុល្លារ ហើយត្រូវបើកពីរសប្តាហ៍ម្តង»។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សម្រាប់កម្មករ-កម្មការិនី ដែលមានជំងឺអាចទៅពិនិត្យសុខភាព មិនចាំបាត់បង់ប្រាក់ ហើយចំណុចនេះតាមរយៈក្រសួងសុខាភិបាល មន្ទីរសុខាភិបាល មន្ទីរពេទ្យ និងមណ្ឌលសុខាភាពទាំងអស់ ត្រូវអនុវត្តឱ្យបានដិតដល់ ហើយគ្រប់មន្ទីរពេទ្យទាំងអស់ត្រូវទទួលខុសត្រូវទៅលើបញ្ហានេះ ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹងអ្នកជំងឺ ដែលចេះតែកើនឡើងជាបន្តបន្ទាប់ នៅតាមមន្ទីរពេទ្យរបស់ខ្លួនផងដែរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមយ៉ាងដូច្នេះថា៖ «បានសេចក្តីថា ចាប់ពីខែមករានេះទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ កម្មការិនីទាំងអស់មិនមែនបើកប្រាក់ខែនោះទេ បើកប្រាក់ប្រចាំសប្តាហ៍ទៅវិញ ព្រោះបើកប្រាកើពីអាទិត្យម្តង អញ្ចឹងទេយើងបានរុញបញ្ហានេះចេញតាំងពីសម័យធ្វើយុទ្ធនាការនៃការបោះឆ្នោត […] ដូច្នេះមិនត្រូវឱ្យមានការរអាក់រអួលណាមួយ នៅការចាប់ផ្តើម នៅក្នុងខែមករានោះទេ ត្រូវខិតខំធ្វើកិច្ចការងារនេះឱ្យបានល្អទាំងខាងរដ្ឋ និងវិស័យឯកជន»។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប៉ាន់ប្រមាណថា រហូតដល់ដាច់ឆ្នាំ២០១៨នេះ អាចនឹងមានកូនកម្មការិនីប្រមាណជាង ៦ម៉ឺននាក់ នឹងត្រូវសម្រាលនៅក្នុងឆ្នាំនេះ ហើយថវិកាប្រមាណជាង ៦លានដុល្លារ នឹងត្រូវឧបត្ថម្ភដល់ពួកគេ និងជំរុញឱ្យកម្មករ-កម្មការិនី ខិតខំប្រឹងប្រែងបន្តកិច្ចការងាររបស់ខ្លួនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានទម្លាក់ថវិកាបុរេប្រទានប្រមាណជាង ២២លានដុល្លារ យកទៅដោះស្រាយជូនកម្មករ-កម្មការិនី ដែលត្រូវថៅកែរត់ចោលស្រុក ដូច្នេះកម្មករ-កម្មការិនី ដែលបានថៅកែរត់ត្រូវចងចាំថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាបុរេប្រទានទាំងនោះឱ្យទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីយកទៅបើកឱ្យកម្មករ-កម្មការិនី ជាមុនសិន រួចហើយទើបលក់ឡៃឡុងសម្ភារ នៅក្នុងរោងចក្រដែលថៅកែរត់ចោលនោះ យកមកសងរដ្ឋវិញ ផងដែរ៕