ភ្នំពេញ៖ សមាគមអ្នកធុរជនឥស្លាមថៃ TMTA ដែលមានសមាជិក២៥០ បាននិងកំពុងធ្វើការទំនាក់ទំនង ដើម្បីបើកពិធីតាំងពិពណ៌ផលិតផលហាឡាល់ថៃលំដាប់អន្តរជាតិមួយនៅកម្ពុជា ដែលគ្រោងនឹងបើកនៅខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះគឺជាការលើកឡើងរបស់ លោក Vasu Sensom ប្រធាន TMTA ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅការិយាល័យផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី។
លោកប្រធានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល និង ឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្មហាឡាល គឺជាទិសដៅសំខាន់របស់ភាគីវិនិយោគ និងធុរជនលើសកលលោក កំពុងមានចំណាប់អារម្មណ៍ រួមទាំងអ្នកវិនិយោគវិស័យហាឡាលក្នុងតំបន់ កំពុងផ្តោតការយកចិត្តទុកដាក់មកវិនិយោគនៅកម្ពុជា។
ឯកឧត្ដមឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា
ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍។
លោកបន្តថា កម្ពុជាស្វាគមន៍ និងបើកទូលាយរាល់ការវិនិយោគទាំងអស់ ហើយកម្ពុជាក៏មានធនធានគ្រប់គ្រាន់ និងមានលក្ខណៈអំណោយផលទាំងភូមិសាស្រ្ត និង ស្ថេរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាចម្បង ធានាបានសុវត្ថិភាពក្នុងការងារវិនិយោគ និងគ្មានហានិភ័យ៕