សម្តេចភក្តី សាយ ឈុំ ដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤


ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានសមាជិក សមាជិកាព្រឹទ្ធសភាចំនួន៥៧ រូបចួលរួម និងមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសញ្ញាស្ដីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី ។

២- ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ។
៣- ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់
គ្រងឆ្នាំ២០១៧ ។
៤- ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ ៖
ក- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
ខ- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
តំណាងរាជរដ្ឋាភិបាល ដែលអញ្ជើញមកបំភ្លឺសេចក្តីព្រាងច្បាប់ ក្នុងរបៀបវារៈទី១ដឹកនាំដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងមន្ត្រីជាន់ខ្ពស់ មន្ត្រីជំនាញ ចំនួន ៧រូប ។
តំណាងរាជរដ្ឋាភិបាល ដែលអញ្ជើញមកបំភ្លឺ សេចក្តីព្រាងច្បាប់ ក្នុងរបៀបវារៈទី២ ទី៣ ទី៤ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្រ្តីជំនាញ ចំនួន ៤៧រូប។
បន្ទាប់ពីបានស្តាប់ឯកឧត្តមប្រធានគណៈកម្មការ ដែលជាវិស័យសមត្ថកិច្ចរាយការណ៍ជូន និងក្រោយពីបានស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិក សមាជិកា អង្គព្រឹទ្ធសភា និងមតិបកស្រាយបំភ្លឺរបស់ ឯកឧត្តមតំណាងរាជរដ្ឋាភិបាល អង្គប្រជុំព្រឹទ្ធសភា បានធ្វើការអនុម័តលើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ និងចាត់ទុកជាការប្រញាប់ ចំនួន ៥៧សម្លេង នៃចំនួនសមាជិក សមាជិកាព្រឹទ្ធសភា ទាំងមូល។