សមាគមអន្តរជាតិ ស្វាគមន៍ និងអបអរសាទរចំពោះភាពជោគជ័យ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន


តាមរយៈអ្នកនាំពាក្យរបស់អាជ្ញាធរមីន បានឲ្យអង្គភាព ដឹងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយទេសរដ្ឋមន្រ្តី លី ធុជ ចូលរួមកិច្ចប្រជុំរដ្ឋភាគីលើកទី១៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

តាមរយៈកិច្ចប្រជុំពេញអង្គ និងព្រឹត្តិការណ៍អម បានធ្វើបទបង្ហាញ បទអន្តរាគមន៍ និងសំណូមពរជាច្រើនដល់ប្រទេសរដ្ឋភាគី ប្រទេសម្ចាស់ជំនួយ ស្ថាប័នអន្តរជាតិ និងដៃគូរអភិវឌ្ឍន៍អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដោះស្រាយបញ្ហាជាច្រើនជូនជាតិមាតុភូមិ ដូចជាការបញ្ចប់សង្រ្គាមនៅកម្ពុជា បញ្ហាគ្រាប់មីន បញ្ហាជនពិការដោយសារមីន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។ល។

​ជាងនេះទៅទៀត គណៈប្រតិភូអាជ្ញាធរមីន ដឹកនាំដោយ ទេសរដ្ឋមន្រ្តី លី ធុជ បានប្រជុំទ្វេរភាគីជាមួយប្រទេស និងអង្គភាពអន្តរជាតិសំខាន់ៗ ជាច្រើនដូចជា លោកនាយកមជ្ឈមណ្ឌល GICHD​ តំណាងប្រទេសជប៉ុន អូស្ត្រាលី អាមេរិក កាណាដា និងអៀកឡង់។ល។ ដើម្បីពិភាក្សាការងារបន្តជំនួយដល់ការបោះសម្អាតមីនមនុស្សនៅកម្ពុជា និងបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ហាប្រឈមសំណល់ពីសង្រ្គាមជាច្រើន ដែលរាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយ។

​ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សហគមន៍ផ្តល់ជំនួយ ដែលបានផ្តល់ជំនួយដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជា ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់ ដែលបានបំពេញបេសកកម្មលើវិស័យសកម្មភាពមីនជាច្រើនឆ្នាំនៅកម្ពុជា ជាពិសេសអ្នកដោះមីន ដែលបានកំពុងបំពេញភារកិច្ចប្រកបដោយគ្រោះថ្នាក់បំផុតនៅក្នុងចំការមីន៕