បន្ទាប់ពីបានចុះពិនិត្យទឹក និងស្រូវនៅស្រុកព្រៃកប្បាស់រួចមក នារសៀលថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨ នេះ ឯកឧត្តម ស៊ិន វុទ្ធី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបន្តដំណើរចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកត្នោតទេរ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ ។
លោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកត្នោតទេរ ឆ្នាំនេះ កសិករបានដាំដុះដំណាំស្រូវវស្សាលើផ្ទៃដី ចំនួន ៤០៦ ហិកតា ហើយមកដល់ពេលនេះ ស្រូវទាំងនោះត្រូវបានប្រមូលផលបានប្រមាណ ៥០% ហើយដែរ ។ កសិករបានបន្តដាំដុះស្រូវប្រាំងលើផ្ទៃដី ២.៣៩៦ ហិកតា បន្ថែមទៀត ។ លោកបន្តថា តាមរយៈបទបញ្ជាដ៏ត្រឹមត្រូវដែលបានដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ក្រោមការចង្អុរបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ទឹកនៅប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកត្នោតទេរ ក៏ដូចជានៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានាក្នុងខេត្ត ត្រូវបានមន្ត្រីបច្ចេកទេសធ្វើការសន្សំ និងរក្សាទុក ចាប់តាំងពីដើមរដូវវស្សាមកម្ល៉េះ បើទោះបីជានៅដើម និងពាក់កណ្តាលរដូវវស្សា មានភ្លៀងធ្លាក់ច្រើនក៏ដោយ ។ បទបញ្ហាដែលរួមមាន ការបង្វែរទឹកពីជំនន់ទឹកភ្លៀង ឬពីតំបន់ដែលសម្បូរទឹក ទៅស្តុកទុកបន្ថែមនៅតំបន់ដែលមានតិចតួច, ការវេចខ្ចប់ទឹកទន្លេបញ្ចូលអាង… បានធ្វើឲ្យស្ថានភាពទឹកដែលយើងមាននាពេលនេះ គឺអាចធានាបានទាំងស្រុងដល់ស្រូវចុងរដូវវស្សា និងស្រូវប្រាំងខាងមុខ ។ លោកបញ្ជាក់បន្ថែមថា ឆ្នាំនេះ បើយើងមិនមានវិធានការបានទាន់ពេលវេលាទេនោះ យើងនឹងមានបញ្ហាខ្វះខាតទឹកមិនខាន ព្រោះថា នៅចុងរដូវវស្សានេះ ភ្លៀងក៏មានការថមថយ ហើយនាពេលខាងមុខ ភ្លៀងកក់ខែក៏អាចនឹងមានតិចតួចបំផុតផងដែរ ។
ឯកឧត្តម ស៊ិន វុទ្ធី បានផ្តាំផ្ញើបន្ថែមដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះណែនាំដល់កសិករត្រូវប្រើប្រាស់ទឹកឲ្យមានការសន្សំសំចៃខ្ពស់ កំណត់ផ្ទៃដីដាំដុះឲ្យបានត្រឹមត្រូវ ចៀសវាងការធ្វើលើសកម្រិតទឹកដែលមាន ។