សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរ​ឲ្យគ្រប់បណ្ដាស្ថាប័នរដ្ឋ​ដែលពាក់ព័ន្ធ រៀបចំខួបលើកទី៣៦ ទិវាជនមានពិការភាពអន្ដរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសារាចរណែនាំមួយឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីរាជធានី-ខេត្ត ត្រូវរៀបចំចាត់តាំង ខួបលើកទី៣៦ ទិវាជនមានពិការភាពអន្ដរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨»

ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកកទី៣៦ ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំចាត់តាំង ដូចតទៅ៖

*ទី១៖ ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិលើកទី៣៦ ត្រូវប្រារព្ធក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព»។

*ទី២៖ ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មជនពិការ ណែនាំប្រព័ន្ធឃោសនារដ្ឋ និងឯកជនឲ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូល បានយល់ជ្រួតជ្រាបអំពីប្រវត្តិនៃទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្ដរជាតិ ៣ធ្នូ។

*ទី៣៖ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំពិធីមីទិ្ទញ ពិធីជួបសំណេះសំណាលជាមួយជនមានពិការភាព កម្មវិធីកម្សាន្ដសប្បាយរបស់ជនមានពិការភាព នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

*ទី៤៖ ក្រុមប្រឹក្សាសកម្មជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីមីទិ្ទញថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្ដផ្សេងៗ សម្រាប់ជនមានពិការភាព នៅរាជធានីភ្នំពេញ។

*ទី៥៖ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោកដើម្បីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ ដែលមានខ្លឹមសារដូចខាងក្រោម៖

*ជយោ! ព្រះរាជាណាចក្រកម្ពុជា
*លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព
*រុះរបាំងឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព
*រួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយឈប់ប្រើពាក្យអសុរសលើជនមានពិការភាព
*បញ្ឈប់ការកេងប្រវ័ញ្ចគ្រប់រូបភាពលើជនមានពិការភាព ដើម្បីសង្គមមួយមានសិទ្ធិស្មើគ្នា
*ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍៕​