អគ្គ​នាយកដ្ឋាន​ឧត្តម​សិក្សា​ បាន​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​គម្រោង​កែ​លម្អ​ការ​អប់រំ​ឧត្តម​សិក្សា


រាជធានី​ភ្នំពេញ៖ អគ្គ​នាយកដ្ឋាន​ឧត្តម​សិក្សា​ បាន​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​គម្រោង​កែ​លម្អ​ការ​អប់រំ​ឧត្តម​សិក្សា ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​គម្រោង​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ស្ថាប័ន និង​អង្គភាព​ពាក់​ព័ន្ធ​នានា​បាន​ជ្រាប និង​ចូលរួម​សហការ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​និរន្តភាព​នៃ​ការ​អភិវឌ្ឍ​ស្ថាប័ន និង​អង្គភាព​នា​ពេល​អនាគត។

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង ក្រោម​អធិបតីភាព​ឯកឧ​ត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​នា​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែ​កត្តិក ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។ ក្នុង​ឱកាសនោះ​ឯកឧត្តម​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា គម្រោង​កែលម្អ​ការ​អប់រំ​ឧត្តម​សិក្សា​ផ្តោ​ត​ជា​ចម្បង​លើ​ការ​លើក​កម្ពស់​គុណភាព​នៃ​ការ​បង្រៀន ការ​រៀន និង​ការ​ស្រាវជ្រាវ ការ​បង្កើន​កាលានុវត្តភាព​ និង​សមធម៌​នៃ​ការ​ចូល​រៀន​របស់​និស្សិត ការ​ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​អប់រំ និង​ការ​ពង្រឹង​អភិបាល​កិច្ច ព្រមទាំង​ការ​គ្រប់គ្រង​នៅ​ឧត្តម​សិក្សា៕