កូនប្រុសទាំង៣របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានរៀបរាប់ក្នុងសៀវភៅចេញថ្មីរបស់លោក ឆាយ សុផល


សៀវភៅដែលមានចំណងជើងថា «បងប្អូនប្រុសទាំង៣-ឈាមថ្មី ក្នុងចំណោមអ្នកបន្តវេន» ដែលរៀបរាប់ពីប្រវត្តិកូនប្រុសទាំង៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចេញផ្សាយជាសាធារណៈ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីឱ្យសាធារណជនគ្រប់រូប បានសិក្សាស្វែងយល់ពីសកម្មភាពក្នុងសង្គម កម្រិតចំណេះដឹង និងសមត្ថភាពនៃឥស្សរជនទាំង៣រូបនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន នៅក្នុងហាងកាហ្វេរបស់លោកមានយីហោ «ប៊ុកកាហ្វេ» នៅខណ្ឌសែនសុខ, លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ បានបញ្ជាក់ថា លោកបានចំណាយពេល៥ឆ្នាំ សម្រាប់រៀបចំចងក្រងសៀវភៅនេះឡើង ដោយលោកបានកត់ត្រាទុកពីសកម្មភាព និងសម្តីរបស់បងប្អូនទាំង៣ គឺឯកឧត្តម ហ៊ុន ម៉ាណែត, ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានជួបសម្ភាសន៍ផ្ទាល់ជាមួយឥស្សរជនដឹកនាំវ័យក្មេងទាំង៣រូបផងដែរ។

លោក ឆាយ សុផល បានលើកឡើងថា អ្នកទាំងបី ក៏ដូចជាអ្នកផ្សេងទៀត មានសក្តានុពលម្យ៉ាងម្នាក់ ហើយថាសាធារណជនមើលឃើញថា អ្នកទាំង៣ គឺសុទ្ធតែបានសិក្សាមានកម្រិតខ្ពស់ នៅបណ្តាប្រទេសមហាអំណាច ជាពិសេសគឺសហរដ្ឋអាមេរិក ដែលជាឈាមថ្មី អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តវេនដឹកនាំទាំងនៅក្នុងបក្ស និងក្នុងរដ្ឋាភិបាលក៏ដូចជា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ផងដែរ។

អ្នកនិពន្ធសៀវភៅរូបនេះ បានបន្តថា បើទោះបីជាសៀវភៅនេះ មិនអាចរៀបរាប់ពីប្រវត្តិ និងសកម្មភាពបានទាំងអស់របស់ឥស្សរជននយោបាយ វ័យក្មេងទាំង៣រូប បានទាំងអស់ក៏ដោយ ក៏យ៉ាងហោចណាស់ សៀវភៅនេះអាចជួយបានខ្លះ ក្នុងការយល់ដឹងបន្ថែម ពីគំនិត ឥរិយាបថ និងសកម្មភាពរបស់ពួកគេដែលបានប្រសូតមកមានពុកជាមេដឹកនាំកំពូល នៃប្រទេស។

ក្នុងន័យនេះ លោក សុផល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មូលហេតុដែលខ្ញុំចងក្រងសៀវភៅនេះ គឺខ្ញុំចង់បង្ហាញមិត្តអ្នកអាន ឱ្យបានដឹងកាន់តែច្បាស់ពីសាវតា នៃបងប្អូនប្រុសទាំង៣ ក្នុងនាមខ្លួនជាកូនរបស់មេដឹកនាំកំពូលរបស់ប្រទេស។ ចំណែកឯបងប្អូនស្រី២រូបទៀត ក៏ត្រូវបានរៀបរាប់ដោយសង្ខេប នៅក្នុងសៀវភៅនេះដែរ»។

នៅចំពោះមុខអ្នកសារព័ត៌មាន លោក សុផល បានដាក់សំណួរជាច្រើនរួមមាន៖

* តើបងប្អូនប្រុសទាំង៣ មានអារម្មណ៍បែបណា នៅពេលគេជេរប្រមាថពុកម៉ែរបស់ខ្លួន?
* តើបងប្អូនប្រុសទាំង៣ ចាំបណ្តាំពុកម៉ែអ្វីខ្លះ?
* តើបងប្អូនប្រុសទាំង៣ រៀនបានអ្វីខ្លះពីពុករបស់ខ្លួន?
* តើបងប្អូនប្រុសទាំង៣ យកចំណេះអ្វីខ្លះពីបរទេសមកអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន?
*​តើបងប្អូនប្រុសទាំង៣ ចង់ស្នងតំណែងរបស់ពុកជានាយករដ្ឋមន្រ្តីដែរឬទេ?
* តើបងប្អូនប្រុសទាំង៣ ធ្វើការត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួនដែរឬអត់?
* តើបងប្អូនប្រុសទាំង៣ ជួបស្នេហាគ្រាដំបូងនៅទីណា និងនៅពេលណាដែរ?
* តើភរិយាៗរបស់បងប្អូនប្រុសទាំង៣ ជានរណា?
* តើបងប្អូនប្រុសទាំង៣ មានចំណង់ចំណូលចិត្តបែបណាក្នុងជីវិត?
*​តើបងប្អូនប្រុសទាំង៣ មានជីវិតអតីតកាលបែបណាខ្លះ?
*​តើបងប្អូនប្រុសទាំង៣ មានទស្សនៈដូចម្តេចចំពោះប្រទេសជាតិ?
* តើបងប្អូនប្រុសទាំង៣ មានសារអ្វីខ្លះសម្រាប់យុវជនជំនាន់ថ្មី?
* តើបងប្អូនប្រុសទាំង៣ មានសកម្មភាពអ្វីខ្លះនៅក្នុងសង្គម?

យ៉ាងណាក៏ដោយ សាស្រ្តាចារ្យព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅដ៏មានអត្ថន័យរូនេះ មិនបានផ្តល់ចម្លើយនោះទេ ដោយគ្រាន់តែប្រាប់ថា «ចម្លើយនៃសំណួរទាំងនេះ រួមផ្សំនិងបញ្ហាជាច្រើនទៀត មាននៅក្នុងសៀវភៅ»។ សូមបញ្ជាក់ថា សៀវភៅ «បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន» គឺជាសៀវភៅទី៩ ហើយដែលលោក ឆាយ សុផល បានចងក្រង ខណៈលោកកំពុងមានគម្រោងបីបួនក្បាលទៀត។

លោក ឆាយ សុផល បញ្ជាក់ថា «ទាន់កម្លាំងកាយ និងប្រាជ្ញានៅមាន ត្រូវតែខិតខំចងក្រងពីអ្វីដែលជាប្រយោជន៍ សម្រាប់អ្នកអានទាំង ពេលបច្ចុប្បន្ន និងអនាគត» ហើយថា សៀវភៅមួយក្បាលពិតជាមិនអាចរៀបរាប់អស់នោះទេ។

លោកថា «ប្រសិនបើអ្នកនិពន្ធណា ឬបុគ្គលណាឃើញថា មានចន្លោះប្រហោង នោះខ្លួនអាចសរសេរបន្ថែមទៅតាមការយល់ដឹងរបស់ខ្លួន។ កិច្ចការរបស់អ្នកសរសរសៀវភៅ មិនខុសពីចុងភៅឡើយ ព្រោះសម្លមួយឆ្នាំងមិនអាចតម្រូវមាត់មនុស្សរាប់សិបអ្នកឡើយ»។

សៀវភៅដែលមានចំណងជើងថា «បងប្អូនប្រុសទាំង៣-ឈាមថ្មីក្នុងចំណោមអ្នកបន្ត» អាចរកបាននៅតាមបណ្ណាគារធំៗ និងតូបកាសែតមួយចំនួន នៅទូទាំងប្រទេស ព្រមទាំងនៅ Monument Book នៅផ្សារទំនើប អ៊ីអ័ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប៕