សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លវការ នៅសាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ


នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីស្តីការគណ:រដ្ឋមន្រ្តីឡាវ ក្នុងទីក្រុង​វៀងច័ន្ទ សាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ កក់ក្ដៅបំផុត ពីសំណាក់​ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ​ ដោយមានពិធីត្រួតពល និងការគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ។

​​ ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់​ទី​ក្រុងវៀងច័ន្ទនៅ​ពេល​នេះ គឺឆ្លើយតបតាមការអញ្ជើញពី​ ឯកឧត្តម​បណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ​ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តង​ទៀត ក្នុងរដ្ឋសភានីតិកាលទី៦ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាល​ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ប្រទេសទាំងពីរកម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូត​ជាមួយគ្នា នៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ១៩៥៦ ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំ​ប្រទល់រួមគ្នាប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេច​តេជោនាយករដ្ឋមន្រ្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕