នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ សំណង់វិមានឈ្នះ-ឈ្នះ នឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ការអភិវឌ្ឍគំនិតផ្សេងៗ ឈរលើមូលដ្ឋាននៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន


នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សា ស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ បានលើកឡើងថា សំណង់វិមានឈ្នះ-ឈ្នះ នឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ការអភិវឌ្ឍគំនិតផ្សេងៗ ឈរលើមូលដ្ឋាននៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្រួបបង្រួមជាតិឱ្យមានសុខសន្តិភាពរយៈពេល២០ឆ្នាំមកនេះ។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ បានដឹកនាំក្រុមការងាររៀបចំ សន្និសីទសារព័ត៌មាន ស្តីអំពី «ទស្សនទាននៃការកសាងវិមានឈ្នះ-ឈ្នះ» ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះដែរនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រែក្លាយជាទីតាំងដែលមានទម្រង់រូបភាព ដូចស្តូប ឬក៏កន្លែងដទៃ ប៉ុន្តែជាមជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍នូវគំនិតផ្សេងៗទៀតនៅលើមូលដ្ឋាននៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន របស់យើងជាប្រវត្តិសាស្ត្រនេះ»

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា ប៉ុន្តែនៅដំណាក់កាលឆ្នាំ២០១៨នេះ គឺជាដំណាក់កាលទី០៣ បន្ទាប់ពីដំណើរការដាក់ឱ្យសម្ពោធ និងការប្រារព្ធទិវា នយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នឹងរៀបចំឱ្យក្លាយទៅជាការអភិវឌ្ឍ បន្តសម្រាប់ការប្រើប្រាស់ ជាសម្បតិ្តសាធារណៈផងដែរ។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ​សំណង់វិមានឈ្នះ-ឈ្នះនេះ ឈរលើមូលដ្ឋានធំមួយដោយផ្អែកលើនយោបាយឈ្នះ-ឈ្នះ ដែលមានធាតុ៣យ៉ាង គឺទី១៖ ការធានារូបកាយ និងអាយុជីវិត គឺការធានានូវសុវវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម និងការប្រយុទ្ធហើយវិលត្រឡប់ មករួមរស់នៅក្នុងចរន្តនៃសង្គមជាតិវិញ ទី២៖ ការធានាអាជីព និងមុខរបរ គឺការធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្តល់ជូនអ្នកទាំងនោះ នូវលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិត ដែលពួកគាត់ធ្លាប់មានកន្លងមក និងទី៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ គឺជាការធានាសុវត្ថិភាពខាងផ្នែកកម្មសិទ្ធិដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើ។

ប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះរូបនេះ បានបញ្ជាក់ថា សម្រាប់ភាពជោគជ័យនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយ DIFID «ឌីហ្វីដ» ក្នុងចំណោមយុទ្ធសាស្ត្រជាច្រើន ដែលកើតចេញពីតួអក្សឡាតាំងចំនួន៥គឺ៖ D.I.F.I.D មានរួមមាន៖ Divide មានន័យថា បំបែក, Isolate មានន័យថា ឯកោ, Finish មានន័យថា បញ្ចប់, Intergrate មានន័យថា ធ្វើសមាហរណកម្ម និង Decelop មានន័យថា អភិវឌ្ឍ។ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីបង្រួបបង្រួមជាតិកម្ពុជាទាំងមូលពីសង្គ្រាមស៊ីវិល។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់បន្ថែមទៀតថា ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចរិក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

ដើម្បីអបអរសាទរនៃនយោបាយឈ្នះ-ឈ្នះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាធារណៈថា សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង៕